(ពោធិ៍សាត់)៖ ដោយបានគោលការណ៍ឯកភាពពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត, លោក ចេង ឡៃ អភិបាលរងខេត្ត អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ អនុសាខាកាកបាទក្រហមស្រុកក្រគរ ប្រគល់ជូនក្រុមគ្រួសារសព ជនរងគ្រោះដែលពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) បណ្តាលឲ្យស្លាប់បន្តៗគ្នា នៅក្នុងភូមិសានសរ និងភូមិថ្គោលថំ ឃុំអន្សាចំបក់ ស្រុកក្រគរ។

អំណោយដែលយកទៅប្រគល់ជូនសពនីមួយៗនោះ រួមមាន៖ អង្ករ១០០គីឡូក្រាម, ទឹកត្រី០២យួរ, ទឹកស៊ីអ៊ីវ០២យួរ, ទឹកបរិសុទ្ធ០២កេស និងថវិកា១០ម៉ឺនរៀល។ ដោយឡែកក្រុមការងារចុះជួយស្រុក បានឧបត្ថម្ភបន្ថែម ក្នុងមួយសពទទួលបានថវិកា ៣២ម៉ឺនរៀល និង៦០ម៉ឺនរៀលទៀត លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឧបត្ថម្ភសម្រាប់០៤សព។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា-ស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើនឡើងដល់១៣នាក់ ខណៈមនុស្សជាង៧០នាក់ផ្សេងទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពេលដែលពួកគាត់បានហូបស្រាជុំគ្នា ដើម្បីកំដរបុណ្យសពកាលពីប៉ុន្មានថ្ងៃមុននេះ។

បើតាមសេចក្ដីរាយការណ៍ ក្នុងចំណោម មនុស្សទាំងជាង៧០នាក់នោះ មានអ្នកសង្រ្គោះបន្ទាន់នៅពេទ្យកាល់ម៉ែត និងពេទ្យលោកសង្ឃ១២នាក់ ព្រមទាំងអ្នកកំពុងសង្គ្រោះនៅខេត្ត ចំនួន៦២នាក់ ដែលការសង្រ្គោះទាំងអស់គឺជាការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងការជួយគាំទ្រដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង។

យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ប្ដីប្រពន្ធ ដែលជាអ្នកផលិតស្រា-សនេះ រួមមាន៖
*ទី១៖ ឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ (ប្តី)
*ទី២៖ ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិសាន់សរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់៕