(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មនៅផ្សារបែកចានឡើងវិញ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នតាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នោះមក។
រដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ថា ក្នុងពេលដំណើរការអាជីវកម្មនៅផ្សារបែកចានឡើងវិញ អាជីវករ និងសាធារណជនទូទៅ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល រួមមាន ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ជាពិសេសអនុវត្តតាមវិធានការ «៣ការពារ និង ៣កុំ» ជាដាច់ខាត។
សូមជម្រាបថា រដ្ឋបាលខេត្តកណ្ដាលបានសម្រេចផ្អាកដំណើរការអាជីវកម្មផ្សារបែកចានជាបណ្ដោះអាសន្ន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៩ ខែឧសភា ឆ្នាំ២០២១។ ប៉ុន្តែដោយសារស្ថានភាពនៅតែមិនទាន់ធូរស្រាល ទើបរដ្ឋបាលខេត្តកណ្ដាលបានសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលសម្រាប់ផ្នែកខ្លះ នៃភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្ដូង នៃឃុំបែកចាន ស្រុកអង្គស្នួលនេះ ដោយបានកំណត់ជា «តំបន់លឿង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល៧ថ្ងៃបន្តទៀត គិតចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖