(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក ម៉ុម សារឿន អភិបាលខេត្ត បានអញ្ជើញនៅក្នុងពិធីប្រកាសផ្លាស់ប្តូរ និងចូលកាន់ដំណែងថ្មី អភិបាលរងស្រុកចំនួន៣ ដោយមានការអញ្ជើញចូលរួមពីគ្រប់ស្ថាប័ន រដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធានក្រុមព្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុកសេសាន មេឃុំ និងមន្ត្រីប៉ុស្តិ៍រដ្ឋាភិបាលឃុំចូលរួមផងដែរ។
លោក ញ៉ែម សារី បានផ្តាំផ្ញើពីលោក ម៉ុម សារឿនថា ក្នុងការផ្លាស់ប្តូរ និងតែងតាំងមុខតំណែងនេះ ដោយស្របទៅតាមអនុលោម សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ពីអភិបាលរងស្រុកមួយទៅកាន់អភិបាលរងស្រុកថ្មី ក្នុងខេត្តស្ទឹងត្រែងយើងតែមួយ។
លោកអភិបាលរងខេត្តបានបន្តថា «ក្នុងសេចក្តីសម្រេចផ្លាស់ប្តូរមុខដំណែងនេះ ត្រូវបានធ្វើឡើងដោយសមាសភាព អភិបាលរងស្រុកចំនួន៣រូប រួមមាន៖
*អភិបាលរងស្រុកសៀមបូក ប្តូរមកកាន់តំណែងជាអភិបាលរងស្រុកសៀមប៉ាង
*អភិបាលរងស្រុកសៀមប៉ាង ប្តូរមកកាន់តំណែងជាអភិបាលរងស្រុកសេសាន
*អភិបាលរងស្រុកសេសាន មកកាន់តំណែងជាអភិបាលរងស្រុកសៀមបូក។
លោក ញ៉ែម សារី បានដាស់តឿនដល់មន្រ្តី ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទី ដែលខ្លួនទើបទទួលបាន បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អ ស្របតាមច្បាប់របស់ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល ដែលបានប្រគល់ជូន ជាពិសេសត្រូវចូលរួមទប់ស្គាត់ការរីករាលជម្ងឺកូវីដ១៩ «៣ការពារ និង៣កុំ» ស្របតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ៕