(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ចូលរួមជួយផ្តល់សេវាការថែទាំសុខភាពភ្នែក សម្រាប់ជនពិការគ្រប់ប្រភេទ តាមលទ្ធភាព និងជំនាញដោយឥតគិតថ្លៃ ឲ្យបានជាប្រចាំយ៉ាងហោចណាស់បាន ២ដង ក្នុង១ឆ្នាំ ព្រោះការធ្វើបែបនេះ គឺជាការជួយសម្រាលទុក្ខលំបាកនៃការចំណាយថវិកា ក្នុងគ្រួសាររបស់ជនពិការ ហើយក៏ដូចជាការលើកទឹកចិត្តដល់ជនពិការឲ្យមានជំនឿបន្ថែមថា ជនពិការគឺមិនត្រូវបានមើលរំលងដោយសង្គមឡើយ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ក្នុងឱកាសដែល លោកអគ្គលេខាធិការ ចូលរួមជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា ក្នុងពិធីបើកសិក្ខាសាលាស្តីពីការដាក់បញ្ចូលពិការភាពក្នុងវិស័យ សុខភាពភ្នែក រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយ អង្គការ CBM នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារការពារជនពិការភ្នែកអន្តរជាតិ (IAPB)។
លោក ឯម ច័ន្ទមករា បានថ្លែងថាក្រុមប្រឹក្សាសកម្មភាពជនពិការ គាំទ្រជានិច្ចនូវការផ្តល់សេវាស្តារ លទ្ធភាពពលកម្មកាយសម្បទា រួមបញ្ចូលទាំងសេវាថែទាំសុខភាពភ្នែក សម្រាប់ជនពិការ ហើយមានឆន្ទៈជួយកសាងគម្រោងសាកល្បងដល់ ក្រសួងសុខាភិបាល និងលើកទឹកចិត្តដល់បណ្តាលអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា ឲ្យដាក់បញ្ចូលកម្មវិធីផ្តល់សេវាសុខភាពភ្នែក ទៅក្នុងផែនការសកម្មភាពរបស់ខ្លួន ក្នុងទិសដៅដើម្បីការផ្តល់សេវាសុខភាពដល់ជនពិការឲ្យមានប្រសិទ្ធភាព។
លោក ឯម ច័ន្ទមករា បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០១៤-២០១៨ តាមរយៈទិសដៅជាយុទ្ធសាស្ត្រដោយ ផ្តល់ដល់ជនពិការនូវសេវាសុខភាពប្រកប ដោយគុណភាពនិងសមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា។
លោកអគ្គលេខាធិការ ឯម ច័ន្ទមករា បានស្នើដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ គួររួមគ្នាលើកកម្ពស់ការយល់ដឹងអំពីអនាម័យបរិស្ថាន អនាម័យផ្ទាល់ខ្លួនដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសតាមសហគមន៍ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ខិតប័ណ្ណ បដាតាមទីសាធារណៈ ទាក់ទិនពីមូលហេតុដែលនាំឲ្យមារពិការភាពដោយសារជំងឺភ្នែក។ ក្រុមការងារសកម្មភាពជនពិការ នៃក្រសួងសុខាភិបាល គួរសហការរៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល នៅ តាមមណ្ឌលសុខភាព អង្គការមិនមែនរដ្ឋាភិបាលធ្វើការលើវិស័យពិការភាព ក្រុមជួយខ្លួនឯង គណៈកម្មាធិការអភិវឌ្ឍន៍ជនពិការតាមសហគមន៍ អំពីអនាម័យបរិស្ថាន និងអនាម័យ ផ្ទាល់ខ្លួនការប្រើប្រាស់ទឹកស្អាត និងអាហាររូបត្ថម្ភ ដែលជាចំណុចសំខាន់ក្នុងការកាត់បន្ថយពិការភ្នែក និងបន្តការអប់រំស្តីពីការការពារកម្សោយគំហើញ ឬពិការភ្នែកដែលបណ្តាលមកពីជំងឺនានាមានជាអាទិ៍៖ ជំងឺកាតារ៉ាក់ ទឹកដក់ក្នុងបាតភ្នែក ជំងឺត្រាក់កូម ជំងឺ ទឹកនោមផ្អែមកម្រិត២ ជំងឺហង់សិន ។ល។
គួររំលឹងផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះក្រសួងសុខាភិបាល ក៏បានដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពីការពង្រឹង និងពង្រីកសកម្មភាពពិនិត្យព្យាបាលជំងឺដល់ជនពិការ និងចាស់ជរា មានជីវភាពលំបាកគ្មានទីពឹងដោយឥតគិតថ្លៃ។ ក្រសួងសុខាភិបាល តម្រូវឲ្យអង្គភាពថែទាំ និងព្យាបាល ជាពិសេសមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ប្រើប្រាស់ថវិកាមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលជំនួសវិញ ដើម្បីរួមចំណែកថែទាំ និងពង្រឹងគុណភាពសេវា សុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែទូលំទូលាយ៕