(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាអ្នកធ្វើដំណើរមកពីខេត្តកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
អ្នកជំងឺមានឈ្មោះ ឡៃ ស្រីពេជ្រ អាយុ២១ឆ្នាំ រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បុគ្គលខាងលើ បានធ្វើដំណើរចេញពីកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មកស្នាក់នៅផ្ទះបងធម៌នៅជិតផ្សារសាមគ្គីខេត្តក្រចេះ។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលដឹកអ្នកដំណើរពីខេត្តក្រចេះទៅផ្ទះឪពុកក្មេក នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួល ដឹកអ្នកដំណើរពីភ្នំពេញមកខេត្តរតនគិរី តាមរថយន្តម៉ាកតូយូតាស្លាកលេខភ្នំពេញ 2AP-6236 និងបានចូលហូបបាយនៅហាងម្តុំរង្វង់មូលខ្លាស្ទុះ ខេត្តក្រចេះ រួចបានបន្តដំណើរមកដល់ព្រំប្រទល់រតនគិរី-ស្ទឹងត្រែង ចំណុចស្ពានស្រែពកឃុំស្រែអង្ក្រង ស្រុកកូនមុំ ក៏ត្រូវក្រុមគ្រូពេទ្យប្រចាំការ បានយកវត្ថុវិភាគលទ្ធផលវិជ្ជមានកូវីដ១៩តែម្តង និងអ្នករួមដំណើរ៨នាក់ទៀតអវិជ្ជមាន។
បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នករួមដំណើរត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ឃុំត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរី។ រដ្ឋបាលខេត្តរតនគិរី អំពាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមស្ម័គ្រចិត្តទៅធ្វើវត្ថុវិភាគ និងតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលនៅជិតបំផុត៕