(កណ្ដាល)៖ ស្ត្រីទន់ខ្សោយម្នាក់ឈ្មោះ នួន គីមសួរ អាយុ៣៥ឆ្នាំ បានទទូចស្នើសុំយុត្តិធម៌ ករណីបុរសម្នាក់ជាមេភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រើអំពើហិង្សាមកលើខ្លួន ប៉ុន្តែត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត តម្កល់រឿងទុកឥតចាត់ការទៅវិញ ដែលករណីនេះបណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ស្ត្រីរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ស្រ្តីឈ្នោះ នួន គីមសួរ «បានត្អូញត្អែរថា ដោយសារតែករណីប្រទាញប្រទង់ក្រដាសស្នាមមួយសន្លឹកបណ្ដាលឱ្យរហែកដោយអចេតនា ក៏ស្រាប់តែលោក លឹម ឡន មេភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានវាយអ្នកស្រី ៣ដៃចំមុខ បណ្ដាលឱ្យរបួសទ្រុឌធ្មេញមួយគ្រាប់ និងរបួសស្នាមលើមុខកាលពីនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨យប់ នៅចំណុចផ្ទះប្អូនជីដូនមួយជនរងគ្រោះឈ្មោះ ជា មុមនាង ស្ថិតនៅភូមិស្ទឹង»

ស្ត្រីរងគ្រោះ បានបន្តថា លុះមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ អ្នកស្រីបានដាក់បណ្ដឹងមកកាន់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ បន្ទាប់មកមួយរយៈ ខាងតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានកោះហៅអ្នកស្រីទៅសួរនាំពីដំណើររឿង។

ស្រាប់តែមួយរយៈ ក្រោយពេលជួបខាងមន្ត្រីតុលាការ បែរជាអ្នកស្រីទទួលបានលិខិតមួយចេញដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចេញលិខិត «តម្កល់ទុកឥតចាត់ការ» ទៅវិញ ហើយអ្នកស្រីក៏បានដាក់ពាក្យតវ៉ាស្នើលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល រកយុត្តិធម៌ជូនអ្នកស្រីវិញផង។

អ្នកស្រី «បានសំដែងការខកចិត្តយ៉ាងពន់ពេកដែលលោក ឯក ស៊ុនរស្មី មិនបានរកយុត្តធម៌ជូនគាត់ជាជនរងគ្រោះ និងជាស្ត្រីទន់ខ្សោយដែលត្រូវបុរសជាមេភូមិម្នាក់ បានវាយដោយកណ្ដាប់ដៃពេញៗ មុខយ៉ាងដូច្នេះ ហើយស្នើសុំថ្នាក់លើមេត្តាពិនិត្យលើករណីនេះផង»

ចំពោះករណីនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបញ្ជាក់ពីលោក ឯក ស៊ុនរស្មី និងលោក លឹម ឡន បាននៅឡើយទេនៅល្ងាចថ្ងៃនេះ៕