(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យលោកស្រី PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងច្បាប់ទាក់ទងនឹងជំងឺកូវីដ១៩។
កិច្ចពិភាក្សានេះ ក៏បានការចូលរួមពីសំណាក់តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងតំណាងអង្គការ UNICEF ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្នុងក្របខណ្ឌនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
បើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈទំព័រ Facebook នៅព្រលប់ថ្ងៃទី៣ ខែមិថុនានេះ បានឱ្យដឹងថា កិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នារវាង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងស្ថាប័ន UN ធំៗ ប្រចាំកម្ពុជា រួមមាន៖
ទី១៖ ស្ថានភាពសិទ្ធិមនុស្ស និងច្បាប់កូវីដ១៩
ទី២៖ លទ្ធផលយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ
ទី៣៖ វិធានការដោះស្រាយភាពចង្អៀតណែននៃអ្នកជាប់ឃុំក្នុងពន្ធនាគារ
ទី៤៖ វិធានការឆ្លើយតបនឹងការឆ្លងរាលដាលកូវីដ១៩ ក្នុងពន្ធនាគារ
និងទី៥៖ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ផ្សេងៗទៀតពាក់ព័ន្ធការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌ជាដើម។ល៕