(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាគ្រប់គ្រងបរិស្ថានប្រកបដោយស្តង់ដារ ដែលជាកត្តាធ្វើឲ្យក្រុមហ៊ុនបន្តទទួលបានវិញ្ញាបនបត្រស្ដង់ដារអន្តរជាតិ ISO 14001:2015 ស្ដីពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៅដើមឆ្នាំ២០២១នេះទៀត។
វិញ្ញាបនបត្រ ISO 14001:2015 ជាប្រព័ន្ធគ្រប់គ្រង់បរិស្ថាន ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបាន កើតចេញពីការប្ដេជ្ញាចិត្ត និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនរបស់អគ្គនាយក ថ្នាក់ដឹកនាំ និងបុគ្គលិកតាមផ្នែកនីមួយៗរបស់ក្រុមហ៊ុន ដោយអនុលោមតាមការតម្រូវរបស់ស្តង់ដារ និងច្បាប់គ្រប់គ្រងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាចិត្តការពារបរិស្ថានក្នុងរោងចក្រ ដោយពង្រឹងការគ្រប់គ្រង កាត់បន្ថយ លុបបំបាត់ការបំពុលបរិស្ថាន ក្នុងរាល់សកម្មភាព ផលិតផល និងសេវាកម្មរបស់ខ្លួន តាមរយៈ ការអនុវត្តដោយហ្មត់ចត់ មានប្រសិទ្ធភាព និងការធ្វើឲ្យកាន់តែប្រសើរឡើងជាប្រចាំ តាមប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងអនុលោមតាមច្បាប់កំណត់។
លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «ការទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិនេះ សបញ្ជាក់ពីបេសកកម្ម និងការអនុវត្តរបស់ ខ្មែរ ប៊ែវើរីជីស ដែលបានប្រកាន់ខ្ជាប់ និងអនុលោមទៅតាមលក្ខខណ្ឌនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ហើយយើងនឹងបន្តអនុវត្តលើលក្ខខណ្ឌទាំងនោះ ជាមួយនឹងទំនួលខុសត្រូវខ្ពស់លើបរិស្ថាន និងសង្គម»។
បន្ថែមពីនេះ ការបំពាក់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបៗ ក្នុងខ្សែសង្វាក់ផលិតកម្មដែលមានសមត្ថភាពអាចគ្រប់គ្រងរាល់សកម្មភាពដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន បានរួមចំណែកធ្វើឲ្យការថែរក្សាបរិស្ថានកាន់តែមានប្រសិទ្ធិភាព និងប្រសើរឡើងឥតឈប់ឈរនៅក្នុងក្រុមហ៊ុន៕