(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មានករណីឈ្មោះ ម៉ៅ សំអូន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណភាព នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០៖៤៥នាទីយប់ ដោយសារជំងឺគាំងបេះដូង បង្កដោយការស្ទះសរសៃឈាមបេះដូង និងមានវិជ្ជមានវីរុសកូវីដ១៩ លើអ្នកជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ និងលើសទម្ងន់។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «ពាក់ព័ន្ធករណីបុរសខាងលើបានយកវត្ថុសំណាកវិភាគរកវីរុសកូវីដ១៩ ដោយតេស្តរហ័ស (Rapid Test) លទ្ធផលវិជ្ជមានកូវីដ១៩ និងបានបញ្ជូនទៅមណ្ឌលព្យាបាល ហ្គ្រែនដាយមិនស៊ីធី»។
រដ្ឋបាលខេត្តតាមនរយៈលិខិត បានឱ្យដឹងថា អ្នកជំងឺមានសុខភាពខ្សោយ អស់កម្លាំង និងមានប្រវត្តិលើសសម្ពាធឈាមរ៉ាំរ៉ៃ និងលើសទម្ងន់ ហើយត្រូវបានក្រុមគ្រូពេទ្យផ្តល់សេវាពិនិត្យ ព្យាបាល និងការតាមដានសុខភាពប្រចាំថ្ងៃ តាមលក្ខណៈបច្ចេកទេសជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩៖៤០នាទី អ្នកជំងឺចាប់ផ្តើមមានអាការៈ ហត់ខ្លាំង និងពិបាកដកដង្ហើមមួយរំពេច និងត្រូវបានក្រុមគ្រូពេទ្យ ធ្វើការជួយ សង្គ្រោះផ្លូវដង្ហើម និងផ្តល់ឱសថ ព្រមទាំងបញ្ជូនមកធ្វើការជួយសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ «អ្នកជំងឺបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០៖១០នាទី ដោយមានអាការៈ ធ្ងន់ធ្ងរ ហត់ខ្លាំង បបូរមាត់ឡើងស្វាយ ចង្វាក់បេះដូងខ្សោយ ប្រស្រីភ្នែករីកធំ សន្លប់ស្តូកស្ដឹង ហើយក្រុមគ្រូពេទ្យបានប្រឹងប្រែងធ្វើការជួយសង្គ្រោះដោយធ្វើចលនាបេះដូង (Massage Cardiaque externe) និងផ្លូវដង្ហើមដោយឧបករណ៍ជំនួយដង្ហើម (Ventilation) ព្រមទាំងឱសថអស់ពីសមត្ថភាព និងលទ្ធភាពយ៉ាងយកចិត្តទុកដាក់ តែក៏នៅមិនអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន ហើយគាត់បានទទួលមរណភាពនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០៖៤៥ នាទីយប់»។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនផងដែរថា «ករណីបុរសខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសារ៖ ជំងឺគាំងបេះដូង បង្កដោយការស្ទះសរសៃឈាមបេះដូង និងមានវិជ្ជមានវីរុសកូវីដ១៩ លើអ្នកជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ និងលើសទម្ងន់»៕