(ភ្នំពេញ)៖ លោកស្រី Pauline Tameis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ដល់រាជរដ្ឋភិបាលកម្ពុជា និងក្រសួងសុខាភិបាល ចំពោះការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាល ។
កិច្ចពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Kristin Parco ប្រធានបេសកម្ម អង្គការអន្តរជាតិទទួលបន្ទុកទេសន្តប្រវេសន៍ និងលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលផងដែរ។
លោកស្រីតំណាងអង្គការសហប្រជាជាតិបានថ្លែងថា «សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់រាជរដ្ឋភិបាលកម្ពុជា និងក្រសួងសុខាភិបាល ចំពោះការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ អង្គការសហប្រជាជាតិបានប្តេជ្ញាបន្តកិច្ចសហការ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរ ដោយស្មោះចំពោះកិច្ចសហការ និងការគាំទ្ររបស់ អង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក និងដៃគូទាំងអស់ ដែលតែងតែសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕