(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលារួមគ្នាលើកទី១ ស្តីពី «មុខងារប៊េងកាសួរេននៅកម្ពុជា»។ ប៊េងកាសួរេន គឺជាការលក់ផលិតផលធានារ៉ាប់រង តាមរយៈគ្រឹះស្ថានធនាគារ។
សិក្ខាសាលានេះរៀបចំឡើង ដើម្បីបន្ថែមការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ នៃការលក់ផលិតផលធានារ៉ាប់រង តាមរយៈគ្រឹះស្ថានធនាគារ ដល់សាធារណជន និងរៀបចំឡលើង បន្ទាប់ពីមានសេចក្តីប្រកាសមួយអំពី លក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថា នេះជាលើកទី១ ដែលសមាគមទាំងបី បានរួមសហការគ្នារៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវមុខងារប៊េងកាសូរេន ដើម្បីកសាងនូវទំនុកចិត្ត ដល់សាធារណជន និងលើកកម្ពស់ចំណេះដឹងផ្នែកទីផ្សារធានារ៉ាប់រង ដោយផ្តល់ឲ្យសាធារណជននូវមូលដ្ឋានគ្រឹះនៃ ការយល់ដឹងពីភាពចាំបាច់នៃវិស័យធានារ៉ាប់រង និងទិដ្ឋភាពនៃទីផ្សារធានារ៉ាប់រង និងផលិតផលរបស់ខ្លួន ដែលផ្សារភ្ជាប់រវាងវិស័យធនាគារ និងវិស័យធានារ៉ាប់រង។
លោកបណ្ឌិតបញ្ជាក់ថា «សិក្ខាសាលានេះស្របតាមប្រកាស និងក្របខ័ណ្ឌបទប្បញ្ញត្តិ របស់ធនាគារជាតិនៃកម្ពុជា សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ក្នុងគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញ វត្ថុតាមរយៈការបង្កើនលទ្ធភាពឲ្យសាធាណជន ទទួលបានសេវាធានារ៉ាប់រង នឹងពង្រឹងកិច្ចការពារអតិថិជន»។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងថា សិក្ខាសាលានេះនឹងដើរតួនាទីយ៉ាងសំខាន់ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និត រវាងភាគីពាក់ព័ន្ធ ក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ដើម្បីឲ្យប្រតិបត្តិការប៊េងកាសូរេន កាន់តែមានការរីកចំរើនទៅមុខជាលំដាប់។ ការភ្ជាប់ទំនាក់ទំនងនៃវិស័យទាំងពីរ ក៏នឹងចូលរួមបង្កើនការយល់ដឹង និងទំនុកចិត្តដល់អតិថិជន សាធារណជនមកលើសេវាធានារ៉ាប់រងនៅកម្ពុជាផងដែរ។
លោកបន្ថែមថា «ផ្អែកតាមបទពិសោធន៍ តាមគ្រឹះស្ថានហិរញ្ញវត្ថុកន្លងមក ហេតុផលដែលអតិថិជនមួយចំនួនជួបការក្ស័យធន់ ឬបរាជ័យគឺរួមមាន បញ្ហាសុខភាព គ្រោះថ្នាក់ដោយចៃដន្យ រួមទាំងគ្រោះធម្មជាតិផងដែរ។ ដើម្បីចូលរួមពង្រឹងការកាពារអតិថិជន តាមរយៈផលិតផល និងសេវាកម្មធនារ៉ាប់រង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យទាំងអស់នេះ»។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាឲ្យដឹងថា សេវាធានារ៉ាប់រង ជាឧបករណ៍គ្រប់គ្រងហានិភ័យ សម្រាប់ការពារសុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុរបស់បុគ្គល និងធុរជននៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបញ្ជាក់ថា វិស័យធានារ៉ាប់រង និងធនាគារនិងហិរញ្ញវត្ថុ ជាសរសរស្តមមានទំនាក់ទំនង យ៉ាងស្អិតរមួតក្នុងវិស័យហិរញ្ញវត្ថុ។ សេវាធានារ៉ាប់រង ផ្តល់ជាសំណាញ់សុវត្ថិភាព សម្រាប់ការពារស្ថិរភាពហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នធុរកិច្ច, គាំទ្រដល់ការធ្វើពាណិជ្ជកម្ម, ជំរុញការធ្វើវិនិយោគ និងការផ្តល់ឥណទានធនាគារ ដោយសារហានិភ័យឥណទានត្រូវបាន កាត់បន្ថយក្រោមការការពាររបស់ប័ណ្ណសន្យារ៉ាប់រង, ព្រមទាំងប្រមូលផ្តុំ និងពូនគរមូលនិធិដែលអាចយកទៅវិនិយោគ នៅក្នុងប្រព័ន្ធធនាគារ និងទីផ្សារមូលនិធិ ជាកត្តារួមចំណែក ដល់ការបង្កើនលទ្ធភាពផ្តល់ហិរញ្ញប្បទាន ដល់វិស័យអាជីវកម្ម និងផលិតកម្មនានា។
លោក វ៉ា ថារ៉ូ បានសង្កត់ធ្ងន់ថា «ការបញ្ជូនសេវា ឬផលិតផលធានារ៉ាប់រងឲ្យដល់ដៃប្រជាពលរដ្ឋ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើនការប្រើប្រាស់សេវាធានារ៉ាប់រង ដែលនឹងផ្តល់នូវភាពធន។ ហេតុដូច្នេះប្រតិបត្តិករធានារ៉ាប់រងតែងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើតបណ្តាញចែកចាយ ផលិតផលធានារ៉ាប់រងជាច្រើនប្រភេទ និងធ្វើយ៉ាងណាអាចផ្តល់សេវា ឬផលិតផលធានារ៉ាប់រងប្រកបដោយប្រសិទ្ធភាព ដល់ដៃប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យដែលពួកគេអាចលៃលកប្រើប្រាស់បាន»។
លោកបន្តថា ក្នុងចំណោមបណ្តាញចែកចាយទាំងនោះ ការលក់ផលិតផលធានារ៉ាប់រង តាមរយៈគ្រឹះស្ថានធនាគារ ហៅថា ប៊េងកាសួរេន គឺជាបណ្តាញចែកចាយ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់នៅតាមទីផ្សារនានា នៅក្នុងតំបន់ និងពិភពលោក ពិសេសសម្រាប់ធានារ៉ប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា នាពេលកន្លងមកធនាគារជាតិ បានអនុញ្ញាតឲ្យធនាគារ១៨ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ២ផ្តល់ សេវាប៊េងកាសួរេន តាមរយៈម៉ូដែលណែនាំអតិថិជនឬ Referral តែប៉ុណ្ណោះមានន័យថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចណែនាំអតិថិជន ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងជាដៃគូ ដោយគ្មានសិទ្ធិលក់ផលិតផលធានារ៉ាប់រងដោយផ្ទាល់ទេ។
លោកបន្តថា ការអនុញ្ញាតតែម៉ូឌែលណែនាំអតិថិជននេះ ជាឧបសគ្គដល់ក្រុមហ៊ុនធានារ៉ាប់រង មិនអាចផ្តល់សេវាប៊េងកាសួរេន ឲ្យបានទូលំទូលាយដល់អតិថិជន ហើយការអនុញ្ញាតនេះ មិនទាន់មានបទប្បញ្ញត្តិច្បាស់លាស់នៅឡើយទេ ព្រោះជាដំណាក់កាលសាកល្បងទីផ្សារ។
លោក សុវណ្ណារិទ្ធ បន្តថា «ធនាគារជាតិនៃកម្ពុជា យល់ពីសារៈសំខាន់នៃប៊េងកាសួរេន ចំពោះវិស័យធនាគារ និងវិស័យធានារ៉ាប់រង អតិថិជន និងសង្គមទាំងមូល ហើយជារួមធនាគារជាតិនៃកម្ពុជា គាំទ្រដល់ការផ្តល់សេវាប៊េងកាសួរេន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប៉ុន្តែក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ យើងតែងតែមានការព្រួយបារម្ភពី ហានិភ័យដែលអាចកើតមានពីសេវានេះ ជាពិសេសហានិភ័យកេរ្តិ៍ឈ្មោះ ប្រសិនបើបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពន្យល់អតិថិជនអំពីផលិតផលធានារ៉ាប់រង មិនបានត្រឹមត្រូវនិងប្រកបដោយវិជ្ជាជីវៈ»។
លោកបញ្ជាក់ថា ប្រកាសស្តីពីលក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ដែលបានដាក់ឲ្យអនុវត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់សេវាប៊េងកាសួរេន កាន់តែទូលំទូលាយ ក្នុងគោលបំណងចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបង្កើនលទ្ធភាព ឲ្យសាធារណជនទទួលបានសេវាធានារ៉ាប់រងដោយផ្ទាល់ពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ទន្ទឹមនេះក៏ត្រូវមានយន្តការការពារអតិថិជនសមស្រប។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រង បានលើកឡើងថា វិស័យធានារ៉ាប់រង និងវិស័យធនាគារ និងហិរញ្ញវត្ថុជាសរសរស្តម២ ដែលមានទំនាក់ទំនងជិតស្និតជាមួយគ្នា ក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុសម្បូរណ៍បែប និងទូលំទូលាយដល់ប្រជាពលរដ្ឋ ប្រកបដោយបរិយាប័ន្ន។
លោកអគ្គនាយកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយគុណភាព ចំពោះបុគ្គលិកដែលផ្តល់សេវាជូនអតិថិជន តាមយន្តការប៊េងកាសួរេននេះ សំដៅធានាបាននូវភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធិភាពនៃផលិតផលធានារ៉ាប់រង សម្រាប់អ្នកប្រើប្រាស់៕