(ភ្នំពេញ)៖ សមាគមមិត្ដភាព កម្ពុជា-ចិន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំកម្មវិធីប្រគល់-ទទួលឱសថ, ម៉ាស, កញ្ចប់សុខភាព សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ និងសៀវភៅអភិបាលកិច្ចប្រទេសចិន របស់លោក ស៊ី ជីងភីង ពីមិត្ដចិន ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ (TYDA)។
អំណោយទាំងនោះរួមមាន៖ ឱសថចំនួន២កេស (១០០សម្រាប់), ម៉ាស៤០,០០០បន្ទះ, ឱសថបុរាណ Lianhua Qingwen Jiaonang ២០០ប្រអប់, កញ្ចប់សុខភាព Jovan ចំនួន៤០កញ្ចប់ និងសៀវភៅ អភិបាលកិច្ចប្រទេសចិន របស់លោក ស៊ី ជីងភីង ជាភាសាអង់គ្លេស ភាគទី២, ៣ និងភាសាចិន ភាគទី៣ ដែលសៀវភៅនីមួយៗ មាន២៤ក្បាល សរុប៧២ក្បាល ។
សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ រួមមាន៖ លោក វ៉ាង ផឹង ប្រធានសភាពាណិជ្ជកម្មខេត្តលាវនីង ប្រទេសចិន ប្រចាំនៅកម្ពុជា, លោក កុង ជានមីង អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ អ៊ឹស អេស៊ា ជានយ័ន និងលោក QIAO WEI ប្រធានមូលនិធិ សប្បុរសធម៌ចិន នៅបរទេសនៃប្រទេសចិន ដែលតំណាងដោយលោក ហ៊ូ ជានហាយ ប្រធានសមាគមអភិវឌ្ឍន៍ឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តជីជាំង ប្រទេសចិន ប្រចាំកម្ពុជា។
ក្រោយពីការពិគ្រោះយោបល់ ជាមួយម្ចាស់អំណោយ លោក ឯក សំអុល ប្រធានសមាគមមិត្ដភាព កម្ពុជា-ចិន បានសម្រេចជូនសម្ភារអំណោយទាំងអស់ របស់មិត្ដចិន ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ (TYDA) ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោក ឯក សំអុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ឧបត្ថម្ភដែលបានប្រគល់ជូនអំណោយនាពេលនេះ ដើម្បីជាការរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។
លោក ឯក សំអុល បានសម្តែងនូវការរីករាយ ដោយលោកបានបញ្ជាក់ថា កាយវិការនៃការចូលរួមទាំងអស់នេះ គឺជាការរួមចំណែកលើការងារមនុស្សធម៌ ពាក់ព័ន្ធនឹងជំងឺឆ្លងយ៉ាងកាចសាហាវនេះ៕