(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានទទួលយកអំណោយមី និងសម្ភារអនាម័យពីសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំដោយលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត និងក្រុមការងារជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជាយើងមានវត្តមានជំងឺកូវីដ១៩ ក្នុងសហគមន៍ ក៏ដូចជាព្រឹត្តិការណ៍ ២០ កុម្ភៈ នាពេលបច្ចុប្បន្ន រដ្ឋបាលខេត្តស្វាយរៀង បាននឹងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះយ៉ាងសកម្ម ជាពិសេសរដ្ឋបាលខេត្តបានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងក្រុមការងារស្រាវជ្រាវ តាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តក៏បានថ្លែងនូវការអរគុណចំពោះលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបាននាំយកនូវសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នៅពេលនេះ គឺបានបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នា ត្រូវនឹងកាលៈទេសៈនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក ម៉ែន វិបុល បានបន្ថែមថា អំណោយដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អំណោយដែលសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ផ្តល់ជូនដល់រដ្ឋបាលខេត្តរួមមាន ម៉ាសចំនួន៤កេសធំ ស្មើនឹង ១ម៉ឺនម៉ាស់, អាល់កុលចំនួន១០កាន និងមីម៉ាម៉ា ចំនួន ៥០០កេសតូច៕