(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ ដែលវិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់កំណើនសេដ្ឋកិច្ចជាតិ និងបានចូលរួមចំណែក ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។ ដោយមានការគាំទ្រ ពីរាជរដ្ឋាភិបាល និងជាពិសេសពីធនាគារជាតិ នៃកម្ពុជា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានរីកចម្រើនយ៉ាងខ្លាំងក្លា ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ជូនដល់ប្រជាជននៅតំបន់ជនបទ និងចូលរួមចំណែកក្នុងការ ធ្វើឲ្យជីវភាពរស់នៅ ប្រសើរឡើងជាលំដាប់។
ក្នុងសន្និសីទជាតិ ស្ដីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា និងពិព័រណ៍ផលិតផល សេវាកម្ម មីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូច ដែលប្រារព្ធឡើង ដើម្បីរំឭកខួប១០ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសថា «ឆ្នាំ២០០៦ ជាឆ្នាំ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានថ្លែងឲ្យដឹងថា ក្នុងរយៈកាលជាង២០ឆ្នាំ កន្លងមកនេះ ប្រាសាក់បានស្គាល់ភាពរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងការបម្រើសេចក្ដីត្រូវការ ផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជា និងបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ កើនឡើងគួរឲ្យកត់សម្គាល់។
ប្រាសាក់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមានចក្ខុវិស័យ ក្នុងការធ្វើឲ្យកម្រិតជីវភាព រស់នៅរបស់ប្រជាជននៅជនបទ ប្រសើរឡើង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមាននិរន្តរភាព ហិរញ្ញវត្ថុ។ ជាមួយនឹងបទពិសោធន៍ ដ៏ប៉ិនប្រសប់ជាង២០ឆ្នាំកន្លងមកនេះ ប្រាសាក់បាននិងកំពុង រីកចម្រើនប្រកបដោយ សក្តានុពល ដែលបានកម្លាយប្រាសាក់ ទៅជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធំជាងគេ និងមានភាពរឹងមាំនៅកម្ពុជា ដោយឈរលើមូលដ្ឋានមួយចំនួន ដូចជាភាពល្អប្រសើរ ផ្នែកអាជីវកម្ម ការបម្រើសេវាកម្ម ប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ មានភាពបត់បែន និងសម្បូរបែប វិសាលភាពនៃបណ្តាញ ការិយាល័យគ្របដណ្ដប់ទូទាំងប្រទេស ការបំពាក់ម៉ាស៊ីនអេធីអឹម និងភាពទំនើបតម្លាភាព និងសុក្រឹតភាពនៃប្រព័ន្ធធនាគារស្នូល។
នៅត្រឹមដំណាច់ខែកុម្ភៈឆ្នាំ២០១៦ ប្រាសាក់មានទ្រព្យសកម្ម សរុបច្រើនជាង១.០៩០លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង៩០៧លានដុល្លារអាមេរិក អតិថិជនសេវាឥណទាន ជាង៣៣០ពាន់នាក់ សមតុល្យប្រាក់បញ្ញើ-សន្សំច្រើនជាង៥០១លានដុល្លារអាមេរិក អតិថិជនសេវាប្រាក់បញ្ញើ-សន្សំ ជាង៤៦២ពាន់នាក់ បុគ្គលិក៥.៣៣៣នាក់ បណ្តាញការិយាល័យ១៨១ទីតាំង និងមានម៉ាស៊ីនអេធីអឹមជាង១០០ផងដែរ។
បន្ថែមលើសពីនេះ ប្រាសាក់ក៏បានទទួលពានរង្វាន់ និងវិញ្ញាបនបត្រជាច្រើន បញ្ជាក់ពីគុណភាពសេវាកម្ម និង ប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមានវិញ្ញាបនបត្រតម្លាភាព និងការការពារអតិថិជនពី Smart Campaign ដែលជាស្ថាប័នកម្រិត ពិភពលោក ក្នុងផ្តល់ពិន្ទុដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ។ ប្រាសាក់តែងផ្សារភ្ជាប់ខ្លួនជានិច្ច ក្នុងវិភាគទានសង្គមសំខាន់ៗ ដូចជាកម្មវិធីអប់រំ កម្មវិធីបរិច្ចាគឈាម កម្មវិធីសប្បុរសធម៌ និងសកម្មភាពផ្សេងទៀត ដែលរួមចំណែកលើកស្ទួយ សុខុមាលភាពសង្គមនិងសេដ្ឋកិច្ច។
ជាក់ស្ដែងប្រាសាក់បានផ្ដល់ជូន អគារបណ្ណាល័យចំនួន១៧ខ្នង ដែលបំពាក់ដោយគ្រឿងបរិក្ខារ សម្ភារសិក្សា និងឯកសារគ្រប់គ្រាន់ ដើម្បីឆ្លើយតបតម្រូវការ ក្នុងការអាននិងសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស និងគ្រូបង្រៀនជាង ១១.៤៦០នាក់ ក្នុងបណ្ដាខេត្តផ្សេងៗគ្នានិងជាងនេះទៅទៀត គឺការបណ្តុះទន្លាប់អាន និងជំរុញវប្បធ៌មអានរបស់សិស្សានុសិស្ស ជំនាន់ក្រោយៗ។
ដើម្បីបន្តកំណើនរបស់ខ្លួន ទៅមុខទៀត ប្រាសាក់បានដាក់ចេញនូវយុទ្ធសាស្រ្ត ជាអាទិភាពមានដូចជា ធ្វើពិពិធកម្មផលិតផល និងសេវាកម្ម ពង្រឹងលើការផ្តល់សេវាកម្ម ជូនអតិថិជនឲ្យកាន់តែប្រសើ គោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ បទបញ្ញត្តិ និងគោលនយោយបាយនានា ដើម្បីកាត់បន្ថយហានិភ័យ ការពង្រឹងលើការគ្រប់គ្រងធនធានមនុស្ស ចូលរួមក្នុងកិច្ចការសង្គម និងការការពារបរិស្ថាន។ ប្រាសាក់នៅបន្ត និងប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមការ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា។
ក្នុងឱកាសសន្និសីទជាតិ ស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីរំលឹកខួប១០ឆ្នាំ នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ប្រាសាក់សូមប្រសិទ្ធពរជ័យសិរីបវរ និងសូមថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅ ចំពោះធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដែលបានគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ ដល់ប្រាសាក់ក្នុងរយៈពេល២១ឆ្នាំមកនេះ ឲ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់។ ព្រមជាមួយគ្នានេះដែរ ប្រាសាក់សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជន ដែលបាននិងបន្តការប្រើប្រាស់សេវាកម្ម របស់ប្រាសាក់ និងសូមជូនពរជ័យដល់អតិថិជនទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តការរីកចម្រើន ជាមួយគ្នា៕