(សៀមរាប)៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បានបើកកិច្ចប្រជុំតម្រង់ទិស ស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍសម្រាប់កុមារដែល មានពិការភាព។
កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រី ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក មន្ត្រីទទួលបន្ទុកការងារកិច្ចស្ត្រីនិងកុមារក្នុងស្រុកគោលដៅទាំង៦ និង តំណាងអង្គការសង្គមស៊ីវិលផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការយល់ដឹងអំពីសារៈប្រយោជន៍នៃការអប់រំកុមារ ប្រកបដោយបរិយាប័ន្ន និងសេវាគាំពារនានា សម្រាប់កុមារមានពិការភាព យន្តការសម្របសម្រួល ព្រមទាំងការគាំទ្រពីអ្នកពាក់ព័ន្ធនានានៅថ្នាក់ក្រោមជាតិ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះលោកស្រី ស៊ិន ណម បានបញ្ជាក់ថា ការអប់រំកុមារតូចប្រកបដោយបរិយាប័ន្ន ត្រូវបានរៀបចំអនុវត្តដោយក្រសួងអប់រំ យុវជននិងកីឡា ក្នុងគោលបំណងលើកកម្ពស់ការទទួលបាននូវការអប់រំកុមារតូចសម្រាប់កុមារដែលពិការភាព និងជំរុញការយល់ដឹងរបស់គ្រូមតេយ្យសិក្សា និងមាតាបីតា អំពីផលប្រយោជន៍នៃការអប់រំកុមារតូច សម្រាប់កុមារដែលពិការភាព។
លោកស្រីបានបន្តទៀតថា បន្ទាប់ពីបានអនុវត្តនូវកម្មវិធីអប់រំកុមារតូចប្រកបដោយបរិយាប័ននាប៉ុន្មានឆ្នាំកន្លងទៅ មានបញ្ហាប្រឈមមួយចំនួនដូចជា ការកំណត់អត្តសញ្ញាណកុមារតូចដែលមានពិការភាព ការយល់ដឹងមានកម្រិត ក្នុងចំណោមឪពុកម្តាយ លើការថែទាំ និងតម្លៃនៃការសិក្សារបស់កុមារតូច ដែលមានពិការភាព ការស្វែងរក និងផ្តល់សេវាការគាំពារ និង អភិវឌ្ឍន៍សម្រាប់កុមារដែល មានពិការភាពធ្ងន់ធ្ងរនៅមានកម្រិត។
តាមការបញ្ជាក់ពីលោកស្រី ស៊ិន ណម នៅក្នុងស្រុកគោលដៅទាំង៦ មានកុមារ ពិការពីកំណើតចំនួន ៩៨នាក់ ស្រី ៣៥នាក់។ កិច្ចប្រជុំនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមទាំងអស់ និងជំរុញការលើកកម្ពស់កិច្ចសហការក្នុងចំណោមមន្ទីរពាក់ព័ន្ធ សំដៅរួមចំណែកអនុវត្តគោល នយោបាយគាំពារ និង អភិវឌ្ឍន៍កុមារតូច។
កិច្ចប្រជុំ ក៏នឹងជួយតម្រង់ទិសជាមួយមន្ទីរពាក់ព័ន្ធ និង ស្រុកគោលដៅ ក្នុងគោលបំណង លើកកម្ពស់ការទទួលបាននូវការគាំពារ និង អភិវឌ្ឍន៍ សម្រាប់កុមារតូចដែលពិការភាព ជំរុញការយល់ដឹងពីសារៈប្រយោជន៍នៃការអប់រំកុមារតូចប្រកបដោយបរិយាប័ន្ន សេវាគាំពារនានាសម្រាប់កុមារដែលពីការភាព និងជាយន្តការសម្របសម្រួលអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ និងបានបញ្ជាក់លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំផងដែរ៕