(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការបិទបញ្ចប់ការបិទខ្ទប់នាថ្មីៗនេះ បានជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ចខ្នាតតូច និងមធ្យម ដែលជាសញ្ញាល្អសម្រាប់ជួយកំណើនសេដ្ឋកិច្ច នៅកម្ពុជា។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ឆេង គឹមឡុង អញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លើប្រធានបទ «ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយពេលបញ្ចប់ការបិទខ្ទប់»។
លោកបណ្ឌិតបានបញ្ជាក់ថា ការបិទបញ្ចប់ការបិទខ្ទប់ ហើយឈានទៅដល់ការបើកទីក្រុង និងបានអនុញ្ញាតឲ្យបើកអាជីវកម្មឡើងវិញ នាពេលថ្មីៗនេះ គឺជាការជួយសម្រួលដ៏ធំមួយដល់អាជីវកម្ម ដូចជា អាជីវកម្មលក្ខណគ្រួសារ អាជីវកម្មខ្នាតតូច និងមធ្យម ដែលបានបើកដំណើរការឡើងវិញមួយកម្រិត ហើយចាប់ផ្ដើមអាចរកចំណូលឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការគ្រួសារ ក៏ដូចជាមូលដ្ឋានសម្រាប់គាស់កម្រិតកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងកម្រិតទីក្រុង និងកម្រិតថ្នាក់ជាតិផងដែរ។
លោកបណ្ឌិតបញ្ជាក់ទៀតថា លទ្ធភាពសម្រាប់ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ គឺអាស្រ័យទៅលើកត្តា២ ធំយ៉ាង៖
កត្ដាទី១៖ ការចូលរួមចំណែកក្នុងការស្ដារឡើងវិញនៃការបិទនេះ ឃើញថាតួនាទី និងការចូលរួមចំណែកសកម្មភាពវិនិយោគពីធុរកិច្ចទាំងអស់ ក្រោយរដ្ឋបានអនុញ្ញាតឲ្យអាជីវកម្មទាំងអស់ បើកដំណើរការវិញនោះ រហូតមកដល់ពេលនេះ គឺវាថ្មីៗពេក ប៉ុន្ដែក៏មានភាពរស់រវើកនៅភោជនីយដ្ឋាន, សណ្ឋាគារ, មណ្ឌលដ្ឋានផ្ដល់សេវាកម្ម និងលក់ទំនិញមួយចំនួន។
កត្តាទី២៖ ការបន្តផ្ដល់វ៉ាក់សាំងដោយរាជរដ្ឋាភិបាល និងការពន្លឿននូវការផ្ដល់វ៉ាក់សាំងបង្ការការឆ្លងជំងឺ ឬការប្រឆាំងនឹងស្ថានភាពធ្ងន់ធ្ងរនៃការឆ្លងជំងឺ គឺជាការចូលរួមមួយចំណែកទៀត ដល់ការស្ដារ និងជំរុញលទ្ធភាពកម្ពុជា ឲ្យបើកផ្នែកសេដ្ឋកិច្ចមួយចំនួន។
លោកបណ្ឌិតបន្ថែមថា «ទោះបីការស្ដារ និងជំរុញលទ្ធភាពកម្ពុជាឲ្យបើកផ្នែកសេដ្ឋកិច្ចមួយចំនួន មិនបានច្រើននៅរយៈពេលប៉ុន្មានខែខាងមុខនេះក្ដី ប៉ុន្ដែយើងអាចមើលឃើញថា រហូតទៅដល់ចុងឆ្នាំនេះ ឬក៏នៅដើមឆ្នាំក្រោយ លទ្ធភាពការស្ដារ និងជំរុញសេដ្ឋកិច្ចជាតិ អាចនឹងមានច្រើនជាពេលនេះ»។
លោកបណ្ឌិតឲ្យដឹងទៀតថា ទន្ទឹមនឹងបណ្ដាលប្រទេសក្នុងតំបន់ដូចជា ថៃ វៀតណាម ឡាវ ឬប្រទេសផ្សាងទៀត នៅលើសកលលោក ប្រើរូបមន្តពីរ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងនោះទី១ ការផ្ដល់វ៉ាក់សាំង និងតាមរយៈការផ្ដល់ថ្នាំសម្រាប់ព្យាបាលជាដើម, ទី២ គឺគម្រោង ឬកម្មវិធីស្ដារសេដ្ឋកិច្ច តាមរយៈការចាក់បញ្ចូល នូវធនធានផ្នែកហិរញ្ញវត្ថុ និងផ្ដល់ការគាំពារដល់វិស័យឯកជន រួមទាំងវិស័យធុរកិច្ចទាំងអស់ ឲ្យមានការងើបឡើងវិញ៕