(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូ Zoom បានស្នើដល់សមាគម សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ និងជាកន្លែងសង្រ្គោះបន្ទាន់ សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ ផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មន្ទីពេទ្យមេគង្គកំពង់ចាម អាចដាក់បានអ្នកជំងឺរាប់រយនាក់ ដែលជាប្រភេទអ្នកជំងឺកូវីដ១៩ មានស្ថានភាពធ្ងន់ធ្ងរផងដែរ។ ដូច្នេះក្រុមគ្រូពេទ្យ បានព្យាបាលអ្នកជំងឺជាច្រើន ក្នុងនោះក៏មានស្រ្តី ឆ្លងទន្លេ ដែលមានផ្ទុកកូវីដ-១៩ និងបានសម្រាលកូនដោយជោគជ័យ ព្រោះមន្ទីរពេទ្យ មានឧបករណ៍ដែលមន្ទីសុខាភិបាលបានបំពាក់ជូន។
លោកអភិបាលខេត្តបានលើកឡើងទៀតថា ប្រការចាំបាច់ចំពោះមុខគឺរដ្ឋបាលខេត្តកំពង់ចាម ស្នើសុំការជួយគាំទ្រឧបត្ថម្ភ ដើម្បីបំពាក់នូវសម្ភារណាដែលកាន់តែទំនើបជាងនេះបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យមន្ទីពេទ្យ មេគ្គងកំពង់ចាម ក្លាយទៅជាកន្លែងទទួលព្យាបាលជំងឺកម្រិតធ្ងន់ ឬជាកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានជំងឺកូវីដ១៩ ប្រកបដោយគុណភាពខ្ពស់។
លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា រដ្ឋបាលខេត្តក៏បានសម្រេចកែច្នៃវិទ្យាល័យមួយកន្លែងទៀត នៅក្នុងក្រុងកំពង់ចាម គឺវិទ្យាល័យព្រះសីហនុ ឲ្យទៅជាកន្លែង ពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬការព្យាបាលកម្រិតបឋម ដោយបានបំពាក់គ្រែជាង១.០០០គ្រែ ដែលអាចដាក់អ្នកជំងឺព្យាបាលនៅទីនោះផងដែរ៕