(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នេះ លោក លីម សុភា អភិបាលខណ្ឌ៧មករា ដឹកនាំគណៈប្រតិភូខណ្ឌ៧មករា រួមមានអភិបាលរង អធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ ប្រធានផ្សារអូរឫស្សី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក យ៉ាវ បូរ៉ា (ហៅ កែ តឿ) មន្រ្តីនគរបាលសណ្ដាប់ធ្នាប់ខណ្ឌ ៧មករា ដែលបានស្លាប់ដោយដួលផ្ងាក្រោយក្នុងពេលបំពេញភារកិច្ច កាលពីរសៀលថ្ងៃម្សិលមិញ។
គណ:ប្រតិភូសាលាខណ្ឌ៧មករា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ សោកស្ដាយជាទីបំផុតជាមួយ ក្រុមគ្រួសារសព ដោយបានរៀបចំផ្កា និងបច្ច័យចំនួន ៣,៣០០,០០០រៀល និង ១១០ដុល្លារអាមេរិក នៅគេហដ្ឋានសព ស្ថិតនៅផ្ទះលេខ៣៤៩ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នៅរសៀលថ្ងៃដដែលនេះ លោក ហ៊ុន ម៉ាណែត និងលោកស្រី បានចាត់ឲ្យក្រុមការងារនាំយកថវិកា ចំនួន៣លានរៀល តាមរយៈចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបាននាំយកមកជូនដល់ដៃភរិយាសព លោកវរសេនីយ៍ត្រី យ៉ាវ បូរ៉ា ផងដែរ។
សពលោក យ៉ាវ បូរ៉ា នឹងត្រូវដង្ហែ សពទៅកាន់ឈាបនដ្ឋាន វត្តនួនមុនីរាម (ហៅ វត្តថាន់) ដើម្បីធ្វើឈាបនកិច្ច និមន្តព្រះសង្ឃបង្សុកូល គោរពវិញ្ញាណខន្ធជាលើកចុងក្រោយ វេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៦៕