(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បែងចែកជា០៣ក្រុម ដឹកនាំដោយលោក-លោកស្រី អភិបាលរងខណ្ឌ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្មហាមឃាត់ រួមមាន ក្លឹបកំសាន្ត បារបារាំង និងអាជីវកម្មផ្សេងៗទៀត ដែលបើកល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីចូលរួមការងារប្រយុទ្ធ ប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជា រក្សារបាននូវសណ្តាប់ធ្នាប់ អនាម័យ និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញ។
ជាលទ្ធផលចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្មហាមឃាត់នេះ ក្រុមការងារបានសម្រេចបិទអាជីវកម្ម ភោជនីយដ្ឋានដែលមានបើកភ្លេងកំដរ នាពេលរាត្រី ចំនួន០២ទីតាំង ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ និងសង្កាត់ជ័យជំនះ ដកហូតសំភារៈល្មើសរួមមាន៖ តុចំនួន០២ កៅអីចំនួន១៣ បានយកទៅរក្សាទុកនៅរដ្ឋបាល ខណ្ឌដូនពេញ។
នៅយល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ដោយប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំមនុស្សមិនឲ្យលើសពី១៥នាក់ ចាប់ពីម៉ោងសូន្យ ថ្ងៃទី០៣ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចនេះ បានកំណត់ដូចខាងក្រោម៖
* ប្រការ១៖ ត្រូវបានដាក់ចេញនូវវិធានរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
* ប្រការ២៖ ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖
- សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
- អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
- រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា
- អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
ក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕