(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២១នេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ចំនួន ៨នាក់ នៅខាងមុខរោងចក្រ ស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
រដ្ឋបាលខេត្ត បានឱ្យដឹងថា ទីតាំងលក់ដូរនៅខាងមុខរោងចក្រ ស៊ីកូ តំបន់មេនហាតធេន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្ត ០៤៤ ៧១២ ៥២២ ឬ ០៩៧ ៥០៣ ៤៥៦៧ ដើម្បីមានវិធានការបន្ត។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីតាំងកន្លែងនោះ៕