(ភ្នំពេញ)៖ អ្នកទិញផ្ទះទំនើបនៅបុរី អឹម អេក01 (MH01) ឬផ្ទះទំនើប០១ បានលើកឡើងថា ផ្ទះនៅបុរីមួយនេះតម្លៃដល់ម៉ឺនដុល្លារ ប៉ុន្តែគ្មានគុណភាពនោះទេ ពោលសំណង់មានការប្រេះស្រាំ និងជ្រាបទឹក ខណៈម្ចាស់បុរីមិនទទួលខុសត្រូវ នោះឡើយ ថែមទាំងគ្មានដំណោះស្រាយ ហើយស្នើឲ្យម្ចាស់ផ្ទះចុះចេញពីលំនៅដ្ឋាន បើមិនពេញចិត្តនឹងសំណង់របស់ខ្លួន។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងបុរីមួយនេះ បានឲ្យដឹងថា ពេលទៅទិញផ្ទះពីដំបូង ម្ចាស់បុរីនេះមានការធានាជូនថាសំណង់មានគុណភាពល្អ និងធានាជួសជុលជូនរយៈពេល ២ឆ្នាំដោយពុំគិតលុយ។ ផ្ទុយទៅវិញការធានាគ្រាន់តែនិយាយឲ្យផុតពីបបូរមាត់ និងចង់តែឲ្យផ្ទះរបស់ខ្លួនលក់ដាច់តែប៉ុណ្ណោះ។ ក្រោយផ្ទះសាងសង់រួច ចូលទៅរស់នៅពុំទាន់បានប៉ុន្មានផងស្រាប់តែខូចខាតប្រេះស្រាំក្លិនស្អុយ។ ពេលរាយការណ៍ប្រាប់ឲ្យដឹង និងជួយជួសជុលបែរជាខឹងរហូតចង់បណ្ដេញពួកគាត់ឲ្យចាកចេញពីផ្ទះទៀតផង ជាថ្នូរនឹងសុំបង្វិលលុយឲ្យវិញ និងឲ្យចេញខាតថ្លៃកាត់ប្លង់រឹងថែមទៀត។
ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ កញ្ញា ទេព ភក្រ្តា រួមជាមួយម្ដាយចំណាស់ដែលជាស្រ្តីមេម៉ាយ និងប្អូនស្រីម្នាក់ទៀត ក៏បានទិញផ្ទះរស់នៅក្នុងបុរីនេះ កំពុងកើតទុក្ខមិនសុខចិត្ត ចំពោះទង្វើពុំទទួលខុសត្រូវរបស់ម្ចាស់បុរី។
ដែលនាងបានចំណាយលុយខ្ទង់ជិត១០ម៉ឺនដុល្លារទៅទិញដើម្បីរស់នៅ ប៉ុន្តែនៅពេលផ្ទះគ្មានគុណភាពមានការខូចប្រេះស្រាំ ជ្រាបទឹក នៅពេលប្រាប់ឲ្យម្ចាស់បុរីជួយជួសជុល បែរជាថាផ្ទះនាងមានបញ្ហាច្រើនជាងគេម្ល៉េះ? ហើយស្នើឲ្យពួកគាត់ចេញពីផ្ទះទៅវិញ។ ខុសស្រឡះពីពេលដំបូងដែលក្រុមហ៊ុនបានប្រាប់នាងថា «បងទិញទៅផ្ទះនេះល្អណាស់ បើមិនពេញចិត្តត្រង់កន្លែងណាវាយចោលរួចធ្វើថ្មី តើនេះឬជាធានានោះ?»។
កញ្ញា ទេព ភក្រ្តា បាននិយាយទាំងហួសចិត្តថា កញ្ញា និងក្រុមគ្រួសារ បានទំនាក់ទំនងទិញផ្ទះគម្រោងទី៤ បុរី «MH01» ចាប់តាំងពីចាប់ផ្ដើមបុកគ្រឹះសាងសង់មកម្ល៉េះ ដោយពេលនោះអ្នកគ្រប់គ្រងគម្រោងទី៤ បានអះអាងថា សំណង់រឹងមាំ គ្រឿងបំពាក់ទំនើបគុណភាពល្អ និងធានាការលើការជួសជុលរាល់ពេលខូចខាតរយៈពេល២ឆ្នាំដោយពុំគិតប្រាក់។
ក្រោយពេលត្រូវរ៉ូវគ្នាហើយ នាងបានកក់លុយចាប់ពីពេលបុកគ្រឹះរហូតដល់ពេលសាងសង់រួច នាងពុំសូវមានពេលទៅមើលទេ គិតតែខំប្រឹងរកលុយឲ្យម្ចាស់បុរី និងទៅចប់ហើយ ពេលយើងចូលមកនៅដឹងតែផ្ទះ យើងស្អាតល្អហើយ។ ប៉ុន្តែផ្ទុយស្រឡះតែម្ដង បន្ទាប់ពីសាងសង់រួចនាងទើបតែចូលទៅរស់នៅបានរយៈពេល ៤ខែប៉ុណ្ណោះស្រាប់តែផ្ទះចាប់ផ្ដើមមានការខូចប្រេះស្រាំជាបន្តបន្ទាប់គួរឲ្យខ្លាច។
កញ្ញាបានបញ្ជាក់ថា «ពេលប្រាប់ទៅអ្នកគ្រប់គ្រងគម្រោងទី៤ ឲ្យជួយជួសជុលស្រាប់តែអ្នកគ្រប់គ្រងនោះនិយាយថា ផ្ទះរបស់ខ្ញុំនេះរញ៉េរញ៉ៃជាងគេខូចច្រើនជាងគេទៅវិញ តែខ្ញុំបានសួរត្រឡប់ទៅវិញថាផ្ទះនេះជារបស់ខ្ញុំមែន ហើយការខូចច្រើនជាងគេនេះ តើនរណាជាអ្នកសាងសង់ គឺមិនបុរី MH01 ជាអ្នកសាងសង់ទេឬ?។ រយៈពេល៤ខែ ដែលនាងចូលមករស់នៅក្នុងផ្ទះនេះ បានជួបឧបសគ្គដូចជា ផ្ទះធ្លុះ ផ្ទះជ្រាបទឹក ប្រេះស្រាំ ហើយពេលខល ប្រាប់ឲ្យក្រុមហ៊ុនឲ្យជាងមកជួសជុល ជាងមុខអត់រីកទេពុំដឹងថា ត្រូវមេស្ដីឲ្យឬបែបណានាងអ់ចង់ដឹងទេ គឺចង់បានតែផ្ទះស្អាតរឹងមាំប៉ុណ្ណោះ ប៉ុន្តែមិនដូច្នោះទេផ្ទះនេះពុំមែនជាប់រឹងមាំឡើយ គឺធ្វើជាប់រហូត១ខែ៣០ថ្ងៃ គឺធ្វើរហូតគ្មានថ្ងៃសម្រាក។ ចូលមកនៅភ្លាមបន្ទប់ទឹកធំក្លិនស្អុយ ហើយពេលងូតទឹកដៃម្ខាងត្រូវទប់កញ្ចក់និងដៃម្ខាងងូតទឹក ព្រោះបើមិនទប់ទេខ្លាចកញ្ចក់ធ្លាក់ត្រូវបែកក្បាល សួរថាតើមានបងប្អូនណាខ្លះ ប៉ុន្មាននាក់ដែលទិញផ្ទះ ប៉ះចំដូចជាក្រុមគ្រួសារនាង?។
កញ្ញាភក្រ្តា បានបន្តថា នាងពុំចង់ទម្លាយឲ្យគេដឹងទេព្រោះខ្មាសគេ ហើយទិញផ្ទះហើយចង់រស់នៅឲ្យបានសុខ ប៉ុន្តែនៅចុងក្រោយនេះជាងម៉ាស៊ីនត្រជាក់ បានមកទារលុយពីនាង ហើយនាងប្រាប់ថា ក្រុមហ៊ុនជាអ្នកទូទាត់ទេតើ ប៉ុន្តែជាងនៅមិនព្រមស្ដាប់ទើបនាងខលទៅកាន់អ្នកគ្រប់គ្រងគម្រោងទី៤ បែរជាអ្នកគ្រងរូបនេះរាយការណ៍ទៅម្ចាស់បុរីថា នាងជេរគាត់ទៅវិញ។ ពេលនោះម្ចាស់បុរីមិនបានសួរនាំឲ្យដឹងសខ្មៅទេ បែរមកបណ្ដេញពួកនាងចេញ ពីផ្ទះខាងលើឈប់ឲ្យរស់នៅក្នុងផ្ទះរបស់នាងតទៅទៀត ដោយក្រុមហ៊ុនសុំបង្វិលលុយថ្លៃទិញផ្ទះឲ្យនាងវិញដោយឲ្យនាងចេញខាតថ្លៃកាត់ប្លង់រឹងទៅវិញ តើទង្វើបែបនេះនរណាអាចទទួលយកបានខ្លះ?។
ជាមួយការតវ៉ារបស់អតិថិជនខាងលើនេះ អ្នកគ្រប់គ្រងបុរីម្នាក់ បានឆ្លើយថា បើសិនមិនពេញចិត្តនឹងការរស់នៅជាមួយបុរីនេះ អាចចុះចេញបាន តែត្រូវសងការខូចខាត និងបង់ថ្លៃរត់ប្លង់រឹងជូនបុរីវិញ។
លោក ម៉ឺន ពិសិដ្ឋ អាយុ២៨ឆ្នាំ ជាអ្នកគ្រប់គ្រងការលក់ នៃគម្រោងផ្ទះទំនើប០១ បាននិយាយថា «បើសិនករណីបងមិនពេញចិត្តបញ្ហាអស់នេះ ខាងក្រុមហ៊ុនមិនដឹងធ្វើម្តេចទេ ចឹងបងរៀបឥវ៉ាន់ចាកចេញពីផ្ទះនេះចុះ ហើយក្រុមហ៊ុននឹងចេញលុយជូនបង តែក្រុមហ៊ុននឹងគិតតែថ្លៃបង់រឹងតែប៉ុណ្ណោះ»៕