(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំ ក្រុមការងារនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់១៤ថ្ងៃ ចំនួន ១២៥គ្រួសារ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ។

អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ «ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ទាំងអស់គ្នារួមជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដោយផ្លាស់ប្តូរឥរិយាបទ ក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្ត នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ស្បៀងអាហារដែលបានផ្តល់ជូនតាមខ្នងផ្ទះក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ២កេស, ពងទា ១ថាស ទឹកសុទ្ធ ១កេស៕