(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលខេត្តស្វាយរៀងមានករណីផ្ទុះជំងឺកូវីដ១៩ ប៉ុន្តែដោយមានការផ្ដល់មតិយោបល់ និងអនុសាសន៍ល្អៗ ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងមានការគ្រប់គ្រងបញ្ជាផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត នឹងធ្វើឲ្យស្ថានការណ៍តានតឹងនៃជំងឺកូវីដ១៩ ត្រឡប់ទៅជាធូរស្រាលវិញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
លោកបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ បានយកសំណាកលើកម្មករកម្មការិនីចំនួន ២,៥១៧នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន ៣៥២នាក់ ក្នុងចំណោមរោងចក្រចំនួន៨ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន៣ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសសានតុងមានរោងចក្រ យូលី១ រោងចក្រប៊ូយលធីហ្វូលវីនដូ និងរោងចក្រអូរខ្លូត, តំបន់សេដ្ឋពិសេសមេហាតធេន មានរោងចក្រសាន់ហ្វេង រោងចក្រម៉ូរ៉ូហ្វូជី និងរោងចក្រយូធីឡាយ ហើយនឹងតំបន់សេដ្ឋកិច្ចពិសេសតាយសេង មានរោងចក្រ អេ អិនជេ និងរោងចក្រស្មាតថេក។
លោកបានបន្តថា ទាក់ទងនិងប្រភពចម្លង ក្រុមការងារសង្ស័យទៅលើបុរសជាប្តីកម្មការិនីម្នាក់ ដឹកជញ្ជូនបន្លែពីស្វាយរៀងទៅលក់នៅផ្សារដើមគរ រាជធានីភ្នំពេញ ករណីខ្លះ ប្ដីប្រពន្ធ ធ្វើការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាន និងចម្លងគ្នារួចចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រខ្លះ ថៅកែរោងចក្រអនុវត្តតាម SOP ត្រឹមត្រូវឃើញថាពុំមានការចម្លងទេ ក្រោយពីរកឃើញអ្នកវិជ្ជមាន ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យព្យាកូវីដ១៩ខេត្តធ្វើចត្តាឡីស័ក នឹងយកសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់ ចំណែកអ្នកប៉ះពាល់ប្រយោលឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយប្រសិនជាមានចេញរោគសញ្ញាដូចជាក្តៅ ក្អក ថប់ដង្ហើម ហៀរសំបោរ ត្រូវប្រញាប់ប្រញាល់ទៅយកសំណាក ធ្វើតេស្តរកមេរោគកូវីដ១៩។
លោកបណ្ឌិត ក៏បានថ្លែងអំពាវនាវដល់កម្មករកម្មការិនីរោងចក្រត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កឲ្យបានត្រឹមត្រូវ ជៀសវាងចម្លងរោគដល់ប្តី ប្រពន្ធកូន ឱពុកម្ដាយ បងប្អូនរបស់ខ្លួន និងអ្នកដទៃទៀត។
លោកបានបន្ថែមថា កត្តាជោគជ័យទាំងនេះ ក៏ដោយសារការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងសម្ភារឱសថប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងថវិកា សម្រាប់ឧបត្ថម្ភដល់ បុគ្គលិកបម្រើការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នដែលពាក់ព័ន្ធមួយចំនួនទៀត ជាពិសេសទៅទៀត មន្ត្រីកិច្ចសន្យាបុគ្គលិកស្ម័គ្រចិត្ត បម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានសេចក្តីត្រេកអរយ៉ាងក្រៃលែង និងដឹងគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពួកគាត់ត្រូវបានក្រសួងសុខាភិបាលបញ្ជូនឈ្មោះស្នើសុំសម្ដេចតេជោ បញ្ចូលក្នុងក្របខណ្ឌសុខាភិបាល។
លោកបណ្ឌិតបានបន្តថា រហូតដល់រសៀលថ្ងៃទី០២ ខែមិថុនា មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៩៣០នាក់ស្រី ៥៤៧នាក់ ជនជាតិខ្មែរ៨៨៦នាក់ ជនជាតិបរទេស ៤៤ នាក់ ចំនួនអ្នកជាសះស្បើយសរុប ៤៦៣នាក់ស្រី ២២២នាក់ និងអ្នកជំងឺស្លាប់ចំនួន៦នាក់ជាជនជាតិខ្មែរ ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាពចំនួន ៤,៣៩០នាក់ ស្រី ១,២៨០នាក់ ។
សរុបអ្នកបានធ្វើចត្តាឡីស័កមានចំនួន ៤,៣៩៩នាក់ ក្នុងនោះអ្នកបញ្ចប់ការធ្វើចត្តាឡីស័កសរុប ៤,៣១៨នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កមានចំនួន ៧០នាក់។ លទ្ធផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន ៨,៨៩០នាក់ ស្រី ៣,៦៤០នាក់ និងយកសំណាកលើកទី២ សរុប ២,២៩០នាក់ ស្រី ៨៥៩នាក់ ហើយ និងយកសំណាកលើកទី៣ សរុប ៤៦នាក់ ស្រី ២៥នាក់៕