(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក វឿន ឌីញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្តេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទសទាំងពីរក្រោយពីវិបត្តិជំងឺកូវីដ១៩ បញ្ចប់។

ការប្តេជ្ញារួមនេះ បានធ្វើក្នុងជំនួបពិភាក្សារវាងសម្តេចហេង សំរិន ជាមួយលោក វឿង ឌីញហ្វេ (Vuong Dinh Hue) នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ពោះសមិទ្ធផលជាច្រើននៅគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណី និងមិត្តភាព ដែលមានតាំងពីយូរមកហើយនោះ។

សម្តេច ហេង សំរិន បានលើកឡើងថា មិត្តភាព សាមគ្កីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសង្ខាង។ ដោយសារមរតកនៃមិត្តភាពយូរអង្វែងនេះហើយ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់ នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានបន្តថា រដ្ឋសភាកម្ពុជា និងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះរដ្ឋសភាប្រទេសទាំងពីរបានរក្សា និងអនុវត្តស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាព កិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភានៃប្រទេសទាំងពីរ ឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្របតាមបរិបទសកលថែមទៀតផង។

ចំណែក លោកវឿង ឌីញ ហ្វេ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសង្ខាង។

លោកបានសន្យាថា «នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគាំទ្រពីបក្ស និងរដ្ឋវៀតណាម លោកនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំឡើង ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិជំងឺកូវីដ១៩ បានបញ្ចប់ទៅ»

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងវៀតណាម បានសន្យារួមគ្នានៅក្នុងការបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំណុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេង និងសមាជិកសភាជាស្រ្តីឱ្យមានសកម្មភាពឡើង។ រដ្ឋសភាប្រទេសទាំងពីរ បន្តគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិការអន្តរសភា ទាំងនៅក្នុងតំបន់ និងសកលលោក។

ជាមួយគ្នានោះដែរ សម្តេច ហេង សំរិន និងលោក វឿង ឌីញហ្វេ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលបោះបង្គោលព្រំដែនប្រទេសទាំងពីរ សម្រេចបាន៨៤% ហើយសង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងសម្រេចការងារដែលនៅសេសសល់ប្រមាណ១៦% ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រជាជនយើងទាំងពីរ។

ឆ្លៀតឱកាសនោះ សម្តេច ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយថវិកាប្រមាណ ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងកសាងអគាររដ្ឋបាល ដែលមកដល់ពេលនេះគម្រោងបានកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស។ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលនៅពេលនោះរដ្ឋសភាកម្ពុជានឹងអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាម មកចូលរួមផងដែរ៕