(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្ត្រីទូទាំងខេត្ត បន្តពង្រឹងវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងរាលដាលចូលសហគមន៍នៅក្នុងភូមិសាស្ត្រខេត្ត។
ការណែនាំបែបនេះ របស់លោក ម៉ម សារឿន បានធ្វើឡើងនាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ក្នុងឱកាសបើកកិច្ចត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចបន្ត របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពជំនាញជំុវិញខេត្ត។
នៅក្នុងអង្គប្រជុំនេះ បានប្រព្រឹត្តទៅដោយមានរបៀបវីរៈសំខាន់ៗមួយចំនួន ជាពិសេសបានបញ្ជូលអំពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាកូវីដ១៩ ដែលជាបញ្ហាចម្បងត្រូវបានលើកឡើង និងពិភាក្សាដើម្បីស្វែងរកវិធីសាស្ត្រទប់ស្កាត់កុំឱ្យមានការីករាលដាលក្នុងសហគមន៍។
ស្ថិតនៅក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន បានបន្តថា ទោះបីជាស្ថិតក្នុងបរិបថនៃជំងឺកូវីដ១៩ កំពុងរីករាលដាល និងជាមុខព្រួញដ៏សំខាន់ដែលត្រូវទប់ស្កាត់មិនឱ្យរីករាលរីករាល ប៉ុន្តែរដ្ឋបាលខេត្តនៅតែអាចរក្សាបាន នូវសន្តិសុខសណ្តាប់បានល្អប្រសើរ រួមទាំងបន្តសកម្មភាពនៃការអភិវឌ្ឍទៅមុខជាលំដាប់ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ដែលកំពុងបន្តសកម្មភាពស្ថាបនា និងជួសជុលជូនប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងសកម្ម។
លោកអភិបាលខេត្ត បានបន្ថែមថា «ទាំងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារៈ និងបញ្ហាសន្តិសុខសណ្តាប់នយោបាយមានលក្ខណៈល្អប្រសើរមិនមានបញ្ហាអ្វីគួរឱ្យគត់សម្គាល់ឡើយ។ ដោយឡែកចំពោះបញ្ហារីករាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តនៅតែបន្តពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ និងទប់ស្កាត់បានល្អមិនឱ្យមានការឆ្លងរាលដាលក្នុងសហគមន៍ភូមិសាស្ត្រខេត្ត»។
លោក ម៉ម សារឿន បានបញ្ជាក់អំពីបញ្ហាកូវីដ១៩ថា រហូតមកដល់ពេលនេះបញ្ហាអ្នកដែលវិជ្ជមានកូវីដ១៩ ក្នុងខេត្តស្ទឹងត្រែង គឺជាការនាំចូលដែលអាជ្ញាធរជំនាញបានរកឃើញនៅតាមព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តនានាជុំវិញខេត្តស្ទឹងត្រែង ហើយរហូតមកដល់ពេលក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៣នាក់ មានអ្នកជាសះស្បើយចំនួន៤នាក់ និងកំពុងសម្រាក់ព្យាបាលចំនួន៩នាក់៕