(ប៉េកាំង)៖ ក្រុមយុវជនគណបក្សកម្ពុជា ថ្នាក់កណ្តាល ដែលដឹកនាំដោយ លោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងក្រុមយុវជន គណបក្សកុម្មុយនីស្តចិន ដែលដឹកនាំដោយ លោក Quin Yizhi លេខាទី១ សម្ព័ន្ធយុវជនបក្សកុម្មនីស្តចិន។
ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រុមយុវជន នៃគណបក្សកាន់អំណាចទាំងពីរ។
ក្នុងឱកាសដ៏មានសារៈសំខាន់នោះ យុវជនបក្សកាន់អំណាច នៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានធ្វើការពិភាក្សាគ្នាជុំវិញ បញ្ហាផ្សេងៗផងដែរ។
ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមយុវជន CPP ថ្នាក់កណ្តាល ចំនួន៥៧រូប ដឹកនាំដោយលោក កែ ប៊ុនខៀង និង លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានទទួលបដិសណ្ឋាកិច្ច យ៉ាងកក់ក្តៅពីសំណាក់ សម្ព័ន្ធយុវជនបក្សកុម្មុយនីស្តចិន ក្នុងទីក្រុងប៉េកាំងផងដែរ ហើយបន្ទាប់មកក្រុមយុវជន CPP ថ្នាក់កណ្តាល ក៏បានស្តាប់នូវបទឧទ្ទេសនាម ស្តីពីក្តីសុបិន របស់យុវជនបក្សកុម្មុយនីស្តចិនផងដែរ៕