(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់ របស់ជនខិលខូច ដែលបង្កើតកម្មវិធីមួយឈ្មោះថា «និធិសុខុមាលភាពកូកា-កូឡា» ដោយបង្កើតឲ្យមានការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ ២០ម៉ឺនរៀល។
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារបច្ចេកទេសខ្លួន បានសង្កេតឃើញនូវសារចែករំលែក បន្តក្នុងកម្មវិធីបណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ២០០០០០រៀល ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។
ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា កម្មវិធីខាងលើ គឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងខាងក្រោម៖
* ធ្វើការអូសទាញជនរងគ្រោះចូល ទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ
* ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់
* ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសារ របស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់របស់ជនរងគ្រោះ (Contact List)។
លើសពីចំណុចដែលបានរៀបរាប់នេះ ជនខិលខូចក៏អាចប្រើប្រាស់យុទ្ធនាការនេះ ក្នុងគោលបំណងផ្សេងៗ ដូចជា ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ) និងប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។
ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអំពាវនាវ សូមបងប្អូនមេត្តាបញ្ឈប់ការចែករំលែក ការចុចលើតំណភ្ជាប់ ជៀសវាងនូវបញ្ហា៕