(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញប្រកាសព័ត៌មានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្សចំនួន២៧នាក់បន្ថែមទៀត ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ សូមធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលខ្លួនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕