(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទរបស់កម្ពុជា និងកងទ័ពជើងគោក សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក បានបើកវគ្គហ្វឹកហ្វឺនលំហាត់ឆ្មាំអង្គររួមគ្នា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកម្លាំងថែរក្សាសន្តិភាព និងពហុសាសន៍(ACO) នៅខេត្តកំពង់ស្ពឺ។
ពិធីនេះមានចូលរួមជាអធិបតីដោយ ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក លោកស្រី ជូលី ជុង( JULIE CHUNG ) តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និង ឧត្តមសេនីយ៍ទោ EDWARD F.DOORMAN មេបញ្ជាការទ្រទ្រង់ទី៨នៃកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក ។
បើតាមការជូនដំណឹងរបស់យោធាកម្ពុជា បានឱ្យដឹងថា នេះគឺជាលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរលើកទី០៧ ហើយក៏ជាលំហាត់ហ្វឹកហ្វឺន ឆ្មាំអង្គរលើកទី០៣ ដែលកងដែលកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើរតួនាទីជាស្នូលក្នុងការចូលរួមធ្វើលំហាត់ ជាមួយកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ។
គោលបំណងនៃលំហាត់ឆ្មាំអង្គរនីមួយៗដែលកម្ពុជា បានធ្វើជាលក្ខណទ្វេភាគីឬពហុភាគី ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីសហរដ្ឋអាមេរិក សុទ្ធតែបានឆ្លុះបញ្ចាំងនិងផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការ លើកស្ទួយទំនាក់ទំនងល្អ បង្កើនចំណងសម្ព័ន្ធមេត្រី បណ្ដុះបណ្ដាលចំណេះដឹង ផ្លាស់ប្ដូរបទពិសោធន៍ អភិវឌ្ឍន៍ធន់ធានកងទ័ព ធ្វើអោយប្រសើរឡើងនូវ សមត្ថភាពកិច្ចសហប្រតិបត្តិការជាលក្ខណពហុភាគីអោយយោធិនគ្រប់រូបចេះសម្របសម្រួល ចេះរសនៅនិងចេះធ្វើការរួមជាមួយ ជាតិសាសន៍ជាច្រើន ក្នុងពេលធ្វើការងារមនុស្សធ៍ម កាងារសង្គ្រោះគ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលជាមិនមែនប្រពៃណី និងការស៊ើបការណ៍ប្រើប្រព័ន្ធទំនើប ។
តាមគម្រោងវគ្គហ្វឹកហ្វឺនលំហាត់ឆ្មាំអង្គរ២០១៦នេះ នឹងបិទ នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៦ខាងមុខ ៕