(ភ្នំពេញ)៖ លោក ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញមកបញ្ជាក់អំពីមូលហេតុមួយចំនួន ដែលធ្វើឱ្យសេវាទូរស័ព្ទ និង អ៉ីនធ្វើណេតនៅក្នុងប្រទេសកម្ពុជាមានភាពរអាក់រអួល។ ជាមួយគ្នានេះលោកក៏បានដាក់ចេញវិធានការមួយចំនួនភ្លាមៗ ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះផងដែរ។
ការចេញមុខបកស្រាយរបស់ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានរអ៊ូរទាំអំពីភាពរអាក់រអួល នៃប្រព័ន្ធទូរស័ព្ទ និងសេវាអ៉ីនធើណិត នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យពួកគាត់ពិបាកក្នុងការប្រើប្រាស់ ថែមទាំងរិះគន់ចំពោះការកាត់លុយរបស់គាត់ដោយមិនមានផ្តល់ដំណឹងផងដែរ។
ពាក់ព័ន្ធនឹងបញ្ហារអាក់រអួលប្រព័ន្ធទូរស័ព្ទ និងអ៉ីនធ្វើណិតនេះ លោក ជា វណ្ណដេត បានបញ្ជាក់អំពីមូលហេតុមួយចំនួន ដែលលោកបានស្រាវជ្រាវ អំឡុងពេលកាន់តំណែងជារដ្ឋមន្រ្តីជាង១ឆ្នាំមកនេះ។ មូលហេតុទាំងនោះមានដូចជា៖
* ប្រតិបត្តិករ ទាំង ISP និងក្រុមហ៊ុនទូរស័ព្ទ មិនវិនិយោគបន្ថែមក្នុងការដំឡើងអង់តែនឱ្យបានច្រើនដើម្បីបំពេញតម្រូវការ។ «គាត់ចំណេញតែយកលុយដាក់ហោប៉ៅខ្លួនឯងច្រើន ឬមិនបានបំពាក់ឧបករណ៍បន្ថែម»។
* កន្លងទៅមានក្រុមហ៊ុនដាំអង់តែមួយដើម្បីបម្រើសេវាដល់មនុស្ស៣ពាន់នាក់ ប៉ុន្តែតំប ន់នោះឥឡូវនេះឡើង១ម៉ឺននាក់ ហើយមានអ្នកជិះឆ្លងកាត់ច្រើនទៀត ដូច្នេះអ្នកប្រើប្រាស់ច្រើនបានធ្វើឱ្យសេវារអាក់រអួល។ ឧទាហរណ៍មួយទៀត បង្គោលអង់តែនឃ្លាតគ្នាខ្លាំងពេក ដែលគាត់មិនបានដាំថែមទៀត។
* ទីក្រុងមានអគារខ្ពស់ៗកើនឡើងច្រើន ហើយបើអគារនោះនៅចន្លោះបង្គោលអង់តែនមួយទៅអង់តែនមួយទៀត នឹងធ្វើឱ្យអគារខ្ពស់នោះបាត់សេវា៥០ទៅ៧០ភាគរយ។ អគារធំៗ មិនអនុញ្ញាតឱ្យបំពាក់ internal building system ដោយសារតែគាត់ទាមទារឱ្យក្រុមហ៊ុនទូរស័ព្ទបង់លុយឱ្យគាត់ជាដើម ដោយគាត់មិនបានចាត់ទុកថា សេវាទូរស័ព្ទដូចទឹកភ្លើងដែរ។
* ក្រុមហ៊ុនធ្វើការ Promotion ហួសកម្រិត ធ្វើឱ្យពលរដ្ឋជាច្រើនខំប្រើប្រាស់បណ្តាលសេវាអត់ដើរនៅពេលដែលមានអ្នកប្រើប្រាស់ច្រើនក្នុងពេលតែមួយ។ `លក់កញ្ចប់អ៉ីនធើណិត ប៉ុន្តែផ្តល់សេវាមិនគ្រប់តាមស្តង់ដារ»។
* កត្តាសង់បុរី។ បុរីខ្លះអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណិតផ្តាច់មុខ ធ្វើឱ្យតម្លៃឡើងថ្លៃ ហើយផ្តល់សេវាមិនគ្រប់គ្រា។ សង់បុរីខ្លះអត់មានទុកដីសម្រាប់សាងសង់បង្គោលអង់តែន ធ្វើឱ្យអត់់មានបង្គោលអង់តែននៅក្នុងបុរី។
* កត្តាប្រជាជន។ ពលរដ្ឋខ្លះក៏អត់អនុញ្ញាតឱ្យសង់បង្គោលអង់តែនថែមទៀតដោយសារខ្លាចប៉ះពាល់ដល់សុខភាព។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ជាពិសេសបញ្ហាដែលបណ្តាលមកពីការសង់បុរី លោករដ្ឋមន្រ្តី បានចាត់វិធានការដូចតទៅ៖
១៖ ចាត់ក្រុមការងារឱ្យចុះតាមបុរីទាំងអស់ ដើម្បីវាស់ស្ទង់សេវាគ្រប់កន្លែង ហើយក្រសួងទិញឧបករណ៍រាប់លានដុល្លារ សម្រាប់វាស់ស្ទង់ទូទាំងប្រទេស។
២៖ ក្រសួងកំពុងចរចាជាមួយ APP មួយដើម្បីឱ្យពលរដ្ឋប្រើប្រាស់ ហើយនៅពេលដែលទូរស័ព្ទរបស់គាត់អត់សេវា ក្រសួងនឹងទទួលបានព័ត៌មានតែម្តង ហើយងាយស្រួលដោះស្រាយ៕