(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានប្រកាសជ្រើសរើស ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលចំនួន ២០រូប ដើម្បីបម្រើការងារនៅសាលាដំបូងខេត្តកែប ដែលនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។
ក្រសួងបញ្ជាក់បញ្ជាក់យ៉ាងដូច្នេះ៖ «សូមជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាក្រឡាបញ្ជី និងមន្ត្រីរាជការបម្រើការងារនៅរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យបានជ្រាបថា សាលាដំបូងខេត្តកែប នឹងត្រូវដាក់ឱ្យដំណើរការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះតទៅ។ ចំពោះមុខ ក្រសួងនឹងធ្វើការជ្រើសរើសក្រឡាបញ្ជី ចំនួន១០រូប និងមន្ត្រីរដ្ឋបាល ចំនួន១០រូបតាមការស្ម័គ្រចិត្ត ឱ្យទៅបម្រើការងារនៅសាលាដំបូងខេត្តកែប»។
ក្រសួងបន្ថែមថា សម្រាប់ក្រឡាបញ្ជី និងមន្ត្រីរាជការដែលមានបំណងចង់ទៅបម្រើការងារនៅសាលាដំបូងខេត្តកែប សូមដាក់ពាក្យស្នើសុំបម្រើការងារនៅនាយកដ្ឋានកិច្ចការបុគ្គលិក នៃសាលាជម្រះក្តី នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥៖០០ នាទីល្ងាច៕