(កំពង់ឆ្នាំង)៖ ដីតំបន់៣នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ចំនួន២៣,៤០ហិកតា ត្រូវបានប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំឃុំផ្លូវទូកមួយចំនួន លួចយកគ្រឿងចក្រចូលឈូសឆាយយកជាកម្មសិទ្ធិ។ ករណីនេះសមត្ថកិច្ចជំនាញ និងអាជ្ញា ធរស្រុកកំពង់លែង កំពុងធ្វើរបាយការណ៍ដាក់ជូនលោកអភិបាលខេត្ត ដើម្បីសុំគោលការណ៍សម្រេច។
បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោកអភិបាលខេត្ត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធទៅនឹងក្រុមជនខិលខូចមួយចំនួនដែលបានយកគ្រឿងចក្រលួចចូលឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋនៅចំណុចឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង អស់ជាច្រើនហិកតារួចមក ភ្លាមៗនោះដែរលោកអភិបាលខេត្ត ក៏បានបញ្ជាទៅក្រុមការងារថ្នាក់ស្រុក និងមន្ត្រីជំនាញឲ្យចុះពិនិត្យនិងស្រាវជ្រាវករណីខាងលើនេះជាបន្ទាន់ផងដែរ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារ ចុះពិនិត្យស្រាវជ្រាវករណីនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ឲ្យដឹងថា នៅថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់លែង បានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវនៅក្នុងឃុំផ្លូវទូក។
ជាលទ្ធផល បានរកឃើញដីព្រៃលិចទឹកក្នុងតំបន់៣ចំនួន ២៣,៤០ហិកតា នៅក្នុងទីតាំង៦ចំណុច ក្នុងភូមិសាស្ត្រដីតំបន់៣ ក្នុងឃុំផ្លូវទូក ត្រូវបានជនខិលខូចពិតជាបានលួចយកត្រាក់ទ័រភ្ជួររាស់ និងឈូសឆាយលើដីព្រៃលិចទឹក របស់រដ្ឋអស់មួយចំនួនពិតមែន។ ករណីខាងលើនេះ អាជ្ញាធរ និងមន្ត្រីជំនាញបានស្រាវជ្រាវរកឃើញប្រជាពលរដ្ឋពាក់ព័ន្ធចំនួន២២គ្រួសារ ក្នុងនោះក៏មានសមាជិកក្រុមប្រឹក្សាឃុំផ្លូវទូក មួយចំនួនផងដែរ ដែលបាន យកគ្រឿងចក្រលួចចូលឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ។
លោកនាយខណ្ឌបានបន្តថា ដីមួយចំនួនដែលគេបានឈូសឆាយកាលពីឆ្នាំទៅ ត្រូវជំនាញហាមឃាត់ម្តងរួចមកហើយ តែនៅក្នុងឆ្នាំនេះក៏ត្រូវជនឱកាសនិយមមួយចំនួនខាង លើនេះនៅតែបន្តឈូសឆាយយកដីរដ្ឋធ្វើជាកម្មសិទ្ធិបន្ថែ មទៀត ដែលករណីនេះគឺសមត្ថកិច្ចជំនាញត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ គឺមិនត្រូវអត់ឱនឲ្យឡើយ ព្រោះដីតំបន់ព្រៃលិចទឹកទាំងអស់ គឺការពារដោយរដ្ឋដែលមានច្បាប់ស្ដីពីជលផល បានហាមឃាត់ដាច់ខាត មិនឲ្យមានបុគ្គលណាម្នាក់បំពានបានឡើយ។
ដោយឡែក ដីមួយចំនួនដែលឈូសឆាយថ្មីក្នុងឆ្នាំនេះ គឺភាគច្រើនប្រជាពលរដ្ឋបានឈូសនៅតាមក្រោយៗផ្ទះរបស់ពួកគាត់ លើសពីដីដែលអាជ្ញាធរចែកឲ្យពី ៥០ម៉ែត្រទៅជាង១០០ម៉ែត្រតែប៉ុណ្ណោះដើម្បីអាស្រ័យផល ខណៈដែ លអាជ្ញាធរបានចែកដីលំនៅឋានឲ្យពួកគាត់ត្រឹមតែ២០ម៉ែ ត្រគុណនឹង១០០ម៉ែត្រតែប៉ុណ្ណោះ។
ពួកគាត់បានបំលាស់ទីពីផ្ទះបណ្ដែតទឹកមករស់នៅលើគោកវិញ ហើយមិនមានដីសម្រាប់បង្កបង្កើនផល ដូច្នេះពួកគាត់បានវាតយកបន្តិចបន្តួចពីខាងក្រោយដីផ្ទះតែប៉ុណ្ណោះ។ ប៉ុន្តែនៅតាមក្រោយផ្ទះរបស់ថ្នាក់ដឹកនាំឃុំមួយចំនួនវិញ ពួកគាត់បានលួចឈូសដីលើសពី៤០០ទៅ៥០០ម៉ែត្រឯណោះ គឺពួកគាត់ជាអ្នកនាំអាតប្រជាពលរដ្ឋទើបប្រជាពលរដ្ឋហ៊ានធ្វើតាមបែបនេះ។ ករណីខាងលើនេះ សមត្ថកិច្ចជំនាញនិងអាជ្ញាធរស្រុកកំពុងធ្វើរបាយការណ៍ដាក់ជូន លោកអភិបាលខេត្ត ដើម្បីសុំគោលការណ៍សម្រេចថា តើត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការឬក៏ត្រូវចំណាត់ការបែបណា។
លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តបានដាក់សំណើរស្នើសុំអនុប្រយោគដីនៅចំណុចវាលស្រង៉ែ ចំនួនជាង១,០០០ហិកតាពីរាជរដ្ឋាភិល ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងឃុំផ្លូវទូកដែ លបានបម្លាស់ទីផ្ទះបណ្ដែតទឹកមករស់នៅលើគោកសម្រាប់បង្កបង្កើនផល ព្រោះដីនៅទីនោះគឺវាស្រាប់ដែលមិនមានព្រៃដុះនោះឡើយ។ ដូច្នេះអាជ្ញាធរកំពុងតែគិតគូរដល់បងប្អូនហើយ សូមបងប្អូនរង់ចាំបន្តិចសិន។
ម្យ៉ាងវិញទៀត ចាប់ពីពេលនេះទៅបើបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ភ្ជួររាស់ដីស្រែអាស្រ័យផល ស្ថិតក្នុងដែនព្រៃលិចទឹកសូមបងប្អូនធ្វើពាក្យស្នើសុំមកក្រុមការ ងារចំរុះថ្នាក់ស្រុកនិងថ្នាក់ខេត្ត ដើម្បីក្រុមការងារចុះពិនិត្យជាមុនសិន មុននឹងអនុញ្ញាតឲ្យបងប្អូនចូលភ្ជួររាស់៕