(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវក្តីរន្ធត់ចិត្ត និងក្រៀមក្រំឥតឧបមា ក្រោយទទួលបានព័ត៌មាននៃមរណភាពរបស់លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
ក្នុងសារលិខិតរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារសព, លោក ឃួង ស្រេង បានចាត់ទុកមរណភាពរបស់លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក ជាការបាត់បង់នូវក្រុមគ្រួសារញាតិមិត្តដ៏ឧត្តុង្គឧត្តម ប្រកបទៅដោយព្រហ្មវិហារធម៌។ មរណភាពរបស់លោក ក៏ជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលស្ទើរពេញមួយជីវិត បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្ដាយ ស្រណោះអាឡោះអាល័យជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាននេះ លោក ឃួង ស្រេង សូមសម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្តីសោកសៅបំផុតជាមួយគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកទេសរដ្ឋមន្ត្រី ត្រាំ អុំវតឹក បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវទឹក អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលអនិច្ចកម្មនៅរសៀលថ្ងៃអង្គារ ទី០១ ែខមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ៕