(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ អាចនាំគ្នាទៅបន្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី២បាន ដែលការចាក់លើកទី២នេះ កំពុងដំណើរចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, លោក ធឹម សំអាន បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ ជូនប្រជាពលរដ្ឋនៅខណ្ឌ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចាប់ផ្តើមពីថ្ងៃទី១ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២១ មាចំនួន ៨ទីតាំង។
អាជ្ញាធរខណ្ឌ បានបញ្ជាក់ទៀតថា សូមប្រជាពលរដ្ឋដែលត្រូវដល់ថ្ងៃកំណត់ ត្រូវរូសរាន់ទាក់ទងទៅភូមិ/សង្កាត់ ឬអញ្ជើញទៅផ្ទាល់មណ្ឌលវ៉ាក់សាំងលើកទី២ ដែលនៅជិតផ្ទះបំផុត ដើម្បីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា កុំបីខកខាន។
ជាមួយគ្នានេះ លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងដូសទី២ ទាំង Sinovac និង AstraZeneca ដែលអាជ្ញាធរបាននិងកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋ តាមទីតាំងដែលបានកំណត់៕