(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ករណីប្រជាពលរដ្ឋរងគ្រោះដោយករណីពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ និងមួយចំនួនទៀតកំពុងសម្រាកព្យាបាលនោះ, លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដើម្បីផ្តល់ជូនដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ និងក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឱ្យកម្លាំងនគរបាលចុះជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ ជាមួយគ្នានោះ លោកបានបញ្ជូនមន្ត្រីជំនាញមួយក្រុម ចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថាពុលស្រា នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រោយកើតមានករណីសង្ស័យពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យអ្នកផលិតស្រាសម្នាក់ឈ្មោះ ទ្រី វណ្ណា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីបង្កសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែក វត្ថុតាងស្រាស ត្រូវបានយកទៅពិនិត្យឡាបូ រង់ចាំលទ្ធផលពេលក្រោយ។ តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់នៃករណីពុលនេះ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីស្លាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ចំនួន០៨នាក់ (ប្រុស០១នាក់, ស្រី០៧នាក់) ហើយត្រូវបានគ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេស ដាក់ការសន្និដ្ឋានថាសង្ស័យពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) ក្នុងពិធីបុណ្យសព នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈមនុស្សជាង៧៦នាក់នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ធ្ងន់២នាក់ និងស្រាល៧៤នាក់)៕