(ភ្នំពេញ)៖ សម្រាប់មួយសប្តាហ៍ទៀតនេះ ពោលគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយទៀត អាជ្ញាធររាជធានីភ្នំពេញ រក្សាតំបន់លឿងដដែល ប៉ុន្តែភូមិចំនួន២ នៅក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ គឺនៅរក្សាជា «តំបន់លឿងទុំ»។
នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ លោក និងលោកស្រី ជាអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាពជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់ខណ្ឌ និងបានស្នើសុំឱ្យមូលដ្ឋានខណ្ឌរបស់ខ្លួនរក្សា នៅជាតំបន់លឿងដដែល លើកលែងតែ២ភូមិប៉ុណ្ណោះ សុំរក្សានៅជាតំបន់លឿងទុំ នោះគឺនៅសហគមន៍ A B ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែភូមិទាំង២នេះ កំពុងប្រឈមនៅហានិភ័យខ្ពស់នៅឡើយ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ពង្រឹងការងារឲ្យបានម៉ត់ចត់បំផុត លើការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩។ ចំពោះតំបន់លឿងទុំ២ភូមិខាងលើ ត្រូវតែម៉ឹងម៉ាត់ ដើម្បីកាត់ផ្តាច់កូវីដ១៩ ទៅតំបន់ផ្សេងទៀត។
ចំពោះតំបន់លឿងដែលបើកឱ្យដំណើរការជាប្រក្រតីភាពឡើងវិញនោះ ក៏ត្រូវតែម៉ឹងម៉ាត់ដែរ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានទទួលព័ត៌មានថា មានទីតាំងខ្លះមានលួចបើការ៉ាអូខេ ម៉ាស្សា ល្បែងស៊ីសងហើយ ពិសេសខណ្ឌនៅជាយក្រុង ដូច្នេះសូមលោក និងលោកស្រីជាអភិបាលខណ្ឌ ត្រូវចុះបង្ក្រាបឱ្យខាងតែបាន ព្រោះមានហានិភ័យខ្ពស់ណាស់នៃការឆ្លងរីករាលដាលជំងឺកូវី-១៩។ ម្ចាស់ទីតាំងនឹងប្រឈមមុខ បញ្ជូនទៅតុលាការអនុវត្តទោសទៅតាមច្បាប់ បើការលួចលាក់បើកទីតាំងទាំងនោះ បានឆ្លងរីករាលដាលជម្ងឺកូវីដ-១៩។
លោក ឃួង ស្រេង បានថ្លែងទៀតថា «ក្នុងរយៈពេលជាង ៣ខែនេះ យើងហត់នឿយណាស់ហើយ ក្នុងកិច្ចការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ដូច្នេះយើងត្រូវតែរួមគ្នា កុំឲ្យស្ថានភាពនោះវិលមកជាថ្មីឡើងវិញ»៕