(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ អាចនាំគ្នាទៅបន្តចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី២បាន ដែលការចាក់លើកទី២នេះ កំពុងដំណើរចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក ម៉ូវ ម៉ានិត បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ ជូនប្រជាពលរដ្ឋនៅខណ្ឌសែនសុខ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចាប់ផ្តើមពីថ្ងៃទី១ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២១ មានចំនួន១២ទីតាំង។
អាជ្ញាធរខណ្ឌ បានបញ្ជាក់ទៀតថា សូមប្រជាពលរដ្ឋដែលត្រូវដល់ថ្ងៃកំណត់ ត្រូវរូសរាន់ទាក់ទងទៅភូមិ/សង្កាត់ ឬអញ្ជើញទៅផ្ទាល់មណ្ឌលវ៉ាក់សាំងលើកទី២ ដែលនៅជិតផ្ទះបំផុត ដើម្បីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា កុំបីខកខាន៕