(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងស្ដុកទុក និងចែកចាយអាល់កុលមួយកន្លែង នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងទាំងនេះ កម្លាំងចម្រុះរបស់គណៈកម្មាធិការ បានរកឃើញវត្ថុតាង អាល់កុល ចំនួន១,៥០៨កាន និងសារធាតុមេតាណុល (METHANOL) ចំនួន ១៣១ធុង សរុបចំនួន៧៤,០៦០លីត្រ (ប្រាំពីរម៉ឺនបួនពាន់ហុកសិបលីត្រ) ដែលអាល់កុល ទាំងអស់នេះ៖

* ទី១៖ អាល់កុលក្លែងក្លាយ
* ទី២៖ គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេសមេរោគកូវីដ-១៩ អ្វីទាំងអស់
* ទី៣៖ ពុំមានច្បាប់អនុញ្ញាតពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ រៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បង្ហាញពីកិច្ចប្រតិបត្តិការបង្ក្រាបនេះ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យក្រសួងមហាផ្ទៃ សម្របសម្រួលដឹកនាំការបង្ក្រាបផលិតផលឱសថសាស្ត្រ និងវេជ្ជសាស្ត្របង្ការ ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ ក្លែងក្លាយ និងគ្មានគុណភាព។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែដឹកនាំចង្អុលទិស ក្នុងការចុះអនុវត្តអនុសាសន៍ខាងលើនេះ
ដែលស្តែងចេញឡើងនូវសកម្មភាពបង្ក្រាបថ្ងៃនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ដោយឃើញថា ទីតាំងខុសច្បាប់នេះ មិនអនុលោមតាមច្បាប់ ព្រះរាជអាជ្ញា សម្រេចឲ្យគណៈកម្មាធិការបិទទីតាំងទាំងនេះ ដោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។ សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ជនសង្ស័យពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដែលនេះជាការចុះបង្ក្រាប ទីតាំងស្តុកទុក ចែកចាយអាល់កុលក្លែងក្លាយដ៏ធំ និងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានកន្លងមក។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអះអាងថា មានជនខិលខូចមួយចំនួនកំពុងបាននាំចូល ស្តុកទុក និងចែកចាយអាល់កុលក្លែងក្លាយ
នៅលើទីផ្សារកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ ដែលអ្នកប្រើប្រាស់កំពុងមានតម្រូវ ការប្រើប្រាស់ច្រើនជាហានិភ័យ ងាយរងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ គណៈកម្មាធិការនឹងបន្តតាមដាន ស្រាវជ្រាវ លើកិច្ចការងារនេះបន្ថែមទៀត ដើម្បីនាំជនល្មើសឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់៕