(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ។
តាមសាររំលែកមរណទុក្ខនេះ អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងថា« ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីតក់ស្លុត
ក្តុកក្តួលប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ដោយបានទទួលដំណឹងថា ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស បានទទួលមរណភាព នៅរសៀលថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
នៅក្នុងវេលាពោរពេញដោយសមានទុក្ខនេះ យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយលោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ដែលជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាបំផុត និងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលលះបង់កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ យ៉ាងសកម្មជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏សែនក្រៀមក្រំស្ទើររកទីបំផុតគ្មាន «យើងខ្ញុំសូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា លោក ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។
បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕