(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ។
តាមសាររំលែកមរណទុក្ខនេះលោក ថោង ខុន បានឱ្យដឹងថា «តាងនាមឲ្យថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងទេសចរណ៍ទាំងមូល ខ្ញុំមានការតក់ស្លុតរន្ធត់ចិត្តនិងក្រៀមក្រំបំផុតដោយបានទទួលដំណឹងឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នាថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ។
ក្នុងឱកាសដ៏សែនក្តុកក្តួលក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ ដោយសេចក្តីសោកសង្រេងព្រមទាំងសោកស្តាយ អាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបដែលពេញមួយជីវិតបានរួមចំណែក ក្នុងបេសកកម្មដ៏ធំធេងជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងទេសចរណ៍ សូមសម្តែងនូវសមានទុក្ខ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង ពោរពេញទៅដោយក្តីសោកស្តាយ អាឡោះអាល័យក្រៃលែង និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយ លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារសពទាំងមូល និងសូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធសព ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក សូមបានទៅសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ» ។
សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។
បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕