(ភ្នំពេញ)៖ នាយទាហានជាន់ខ្ពស់ នៃក្រុមការងារប្រតិបត្តិការចម្រុះកម្ពុជា-ថៃ បានបើកកិច្ចប្រជុំលើកទី៥ ដើម្បីពិភាក្សាផែនការគោលដៅកិច្ចសហប្រតិបត្តិការ ការពង្រឹងទំនាក់ទំនងទ្វេភាគី និងការយោគយល់គ្នាទៅវិញទៅមក រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិន្ទថៃ។
កិច្ចប្រជុំបានប្រព្រឹត្តិឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា នាយកប្រតិបត្តិចម្រុះកងទ័ពភូមិន្ទថៃ។
បើតាមឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា របៀបវារៈសម្រាប់កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់លើកនេះរួមមាន៖
*កិច្ចសហប្រតិបត្តិការអប់រំ និងហ្វឹកហ្វឺន
*ការផ្លាស់ប្តូរទស្សនកិច្ចរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិន្ទថៃ
*កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព
*កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព
*យន្តការកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់រវាងអគ្គមេបញ្ជាការប្រទេសទាំងពីរ
*កិច្ចសហប្រតិបត្តិការមួយចំនួនទៀតដូចជា ការផ្លាស់ប្តូរវប្បធម៌និងកីឡា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន, ការសង្រ្គោះគ្រោះមហន្តរាយជាដើម។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា បានគូសបញ្ជាក់ថា កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់លើកនេះ ជាវេទិកាមួយដែលជួយឲ្យភាគីទាំងពីរបានជជែកពិភាក្សាគ្នាលើកិច្ចការសំខាន់ៗ ដែលផ្តោតលើចំណងមិត្តភាពរវាងកងទ័ពទាំងពីរ ដើម្បីអភិវឌ្ឍកិច្ចសហការជាមួយគ្នាឲ្យកាន់តែប្រសើរឡើង។
ឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា សង្ឃឹមថា របៀបវារៈដែលបានជជែកគ្នាលើកនេះនឹងទទួលបានការសម្រេចពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមានការអនុវត្តជាផ្លែផ្កា ដើម្បីជាអត្ថប្រយោជន៍នៃការបង្កើតកិច្ចសហការរវាងគ្នានឹងគ្នា ទៅថ្ងៃអនាគត ក្រោមឆ័ត្រមិត្តភាពនិងការយោគយល់គ្នា៕