(អង់ការ៉ា)៖ ចំនួនមនុស្សស្លាប់ ដោយសារតែការបំផ្ទុះគ្រាប់បែកលើរថយន្ត កណ្តាលទីក្រុងអង់ការ៉ា របស់ប្រទេសតួកគី នោះបានកើនឡើងដល់ ៣៧នាក់ហើយ ស្របពេលដែលមនុស្សជាង ១២០នាក់ទៀត រងរបួសធ្ងន់ និងស្រាល ដែលអ្នករងរបួសមួយចំនួនអាចនឹងឈានទៅរកសេចក្តីស្លាប់ជាបន្តបន្ទាប់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ពិភពលោកបានថ្កោលទោសធ្ងន់ៗ លើការវាយប្រហារនោះ ហើយថាវាជាអំពើភេរវកម្ម ដ៏អាក្រក់ក្រៃលែង ទៅលើជនស្លូតត្រង់របស់តួកគី ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀត។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរតួកគី នៅតែបន្តបិទបណ្តាញសង្គមដូចជា Facebook និង Twitter ព្រមទាំងរឹតបណ្តឹងសន្តិសុខ ផ្ទៃក្នុងយ៉ាងខ្លាំង ដើម្បីធ្វើការស៊ើបអង្កេតរកជនដៃដល់ និង ក្រុមដែលស្ថិតនៅពីក្រោយការវាយប្រហារ នៅទីប្រជុំជនក្បែរស្ថាប័នរដ្ឋាភិបាលសំខាន់ៗរបស់តួកគី កាលពីយប់ថ្ងៃអាទិត្យនោះ៕