(ភ្នំពេញ)៖ ដើម្បីរំដោះនូវការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយទួលពង្រ២ ដែលប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញ និងកំពុងជីកស្តារប្រឡាយម័រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន។ ការងារស្ដារប្រឡាយនេះ នៅតែធ្វើបន្តបើទៅះបីរាជធានីភ្នំពេញ បាននិងកំពុងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី២ ខែមិថុនានេះថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្ដារប្រឡាយទួលពង្រ២ ដើម្បីបើកមុខទឹកហូរឱ្យបានលឿន ក្នុងការរំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សានេះ។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា ប្រឡាយនេះមានបណ្ដោយ៦១០០ម៉ែត្រ ចាប់ផ្តើមចេញពីផ្លូវជាតិលេខ៣ ឆ្លងកាត់សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិសែនជ័យនិង ឆ្លងទៅសង្កាត់ព្រៃស ទម្លាក់ទៅស្ពានព្រែកហា ដែលមានទទឹងទំហំ១០ម៉ែត្រទៅ១៥ម៉ែត្រ ដោយកន្លែង។ ការដ្ឋាននេះ បានដំណើរការសកម្មភាពរបស់ខ្លួនកាលពីថ្ងៃទី៣១ខែឧសភា ម្សិលមិញ ហើយគម្រោងនេះនឹងបញ្ចប់ នៅក្នុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
ដោយឡែក ប្រឡាយម័រ ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង៣គីឡូម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មន្ទីរសាធារណការរាជធានី ក៏បាននិងកំពុងជីកស្តារ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមិថុនានេះថា ក្រោមការណែនាំរបស់លោក ឃួង ស្រេង ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ប្រឡាយម័រនេះ ពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ។ គិតមកដល់ពេលនេះប្រឡាយម័រ សម្រេចបានប្រវែង១៥៥២ម៉ែត្រហើយ ស្មើនឹង៥១ភាគរយ។
សូមបញ្ជាក់ថា ប្រឡាយទាំងនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹក កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ពោលគឺអាចរំដោះទឹកបាននៅភាគខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញ ខណៈដែរតំបន់ទាំងនេះ បានទទួលរងនូវការលិចលង់ដោយទឹកជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ២០២០ ដោយហេតុនេះហើយ ទើបលោក ឃួង ស្រេង ជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារនេះជាបន្ទាន់ ដើម្បីរំដោះទឹកបាននារដូវវស្សានេះ៕