(សៀមរាប)៖ តុលាការខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ស្អែកនេះ នឹងបើកសវនាការករណីសំណុំរឿងអតីតរដ្ឋបាលព្រៃឈើ មានតួនាទីជានាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រែណូយ ដែលរងការចោទប្រកាន់គំរាមសម្លាប់អតីតប្រពន្ធរបស់ខ្លួន គឺអ្នកស្រី យស់ លក្ខ័ណា។ សម្រាប់សវនាការនៅថ្ងៃស្អែកនេះ ស្រ្តីមេម៉ាយរូបនេះ បានអំពាវនាវស្វែងដល់ស្ថាប័នច្បាប់មួយនេះ ផ្តល់ភាពយុត្តិធម៌ជូនរូបគាត់ ដោយកាត់ទោសជនត្រូវចោទតាមច្បាប់។
ការថ្លែងអំពាវនាវរបស់ស្រ្តីមេម៉ាយរូបនេះ បានធ្វើឡើងក្រោយពីខាងជនត្រូវចោទ គឺលោក ថោង សុខៃ តាមរយ:មេធាវី និងសាច់ញាតិរបស់ខ្លួន បាននិងកំពុងរត់ការ សុំឲ្យតុលាការបន្ថយ និងដោះលែងឲ្យនៅក្រៅឃុំ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ អតីតមន្រ្តីរដ្ឋបាលព្រៃឈើ មានតួនាទីជានាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រែណូយ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ព័ន្ធការគំរាមសម្លាប់ និងប្រើហិង្សា ទៅលើអតីតប្រពន្ធរបស់ខ្លួន។
ជនត្រូវចោទលោក ថោង សុខៃ ត្រូវ បានកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួននៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅខេត្តបន្ទាយមានជ័យ តាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់សាលាឧទ្ធរណ៍ក្រោមបទចោទប្រកាន់ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែង ថានឹងសម្លាប់»។
យ៉ាងណាក៏ដោយ ជនរងគ្រោះស្រ្តីមេម៉ាយ អ្នកស្រី យស់ លក្ខ័ណា បានអំពាវនាវដល់តុលាការខេត្ត និងប្រធានអង្គជំនុំជម្រះ សូមមេត្តាកាត់ទោសយ៉ាងតឹងរឹងបំផុត ពីព្រោះនៅពេលនេះមានអ្នកអន្តរាគមន៍ដោះលែងតាមរយ:មេធាវីរបស់ពួកគេ។ បើតាមអ្នកច្បាប់សម្រាប់ការប្រព្រឹត្តទោសខាងលើ ជននេះអាចប្រឈមការជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំឯណោះ។
សូមបញ្ជាក់ថា អ្នកស្រី យស់ កល្ខ័ណា រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News ថា អតីតប្តីរបស់ខ្លួន ឈ្មោះ ថោង សុខៃ អាយុ៥៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាអតីតនាយសង្កាត់រដ្ឋបាល ព្រៃឈើស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ក្រោយពីបានលែងលះគ្នារួចមក ជននេះបានវាយធ្វើបាប ជេរប្រមាថជាច្រើនលើក ជាច្រើនសារ ហើយពេលខ្លះ បានគំរាមសម្លាប់ទៀតផង។
ការប្រើអំពើហិង្សា នាពេលកន្លងទៅ បានធ្វើឲ្យអ្នកស្រី រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតចំភ្នែកមិនចង់ឃើញទៀតផង ហើយកុំតែពេលខ្លះ បានកូនស្រីជួយ និងរត់ទៅរកសមត្ថកិច្ចទាន់ កុំអីអាចស្លាប់ក៏ថាបាន។ អ្នកស្រី យស់ លក្ខ័ណា បានរៀបរាប់ថា ក្រោយពីប្រើ អំពើហិង្សា និងគំរាមសម្លាប់យ៉ាងដូច្នេះ ធ្វើឲ្យអ្នកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង ទើបបានទៅដាក់ពាក្យបណ្តឹង នៅសាលាដំបូងខេត្ត សៀមរាប ដើម្បីឲ្យជួយអន្តរាគមន៍ ប៉ុន្តែពន្លឺយុត្តិធម៌ មិនបានអណ្តែតឡើង នោះឡើយ ពោលជនបង្កមិនត្រូវបានព្រះរាជអាជ្ញាខេត្ត ធ្វើការចោទប្រកាន់ និងឃុំខ្លួននោះទេ ទុកឲ្យមានសេរីភាពដដែល ហើយជននេះបានបន្តសកម្មភាព គំរាមកំហែងរហូត ដោយសារតែពន្លឺយុត្តិធម៌ នៅសាលាដំបូងខេត្តសៀមរាម មិនបានលេចអណ្តែត ធ្វើឲ្យស្រ្តីមេម៉ាយរូបនេះ ខិតខំបន្តស្វែងរកអន្តរាគមន៍ មកតុលាការថ្នាក់ទី២ គឺសាលាឧទ្ធរណ៍។
ក្រោយក្តាប់សេចក្តី នៃដំណើររឿងរួចហើយ អគ្គព្រះរាជអាជ្ញា គឺលោក អ៊ុក សាវុធ បានធ្វើពាក្យបណ្តឹងជំទាស់ ការសម្រេចរបស់ សាលាដំបូងខេត្ត។ ក្រោយពីមានការជួយអន្តរាគមន៍ របស់លោក អ៊ុក សាវុធរួចមក ទើបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក ឃុន លាងម៉េង បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ថោង សុខៃ ក្រោមបទ ចោទប្រកាន់ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែង ថានឹងសម្លាប់»។
យ៉ាងណាក៏ដោយសាច់ញាតិ លោក ថោង សុខៃ ធ្លាប់ប្រាប់អង្គភាព Fresh News ថា លោក ថោង សុខៃ មិនបានធ្វើដូចការចោទប្រកាន់នោះទេ ហើយកាលពីពេលកន្លងទៅនោះ លោក ថោង សុខៃ បានសុំលុយមួយចំនួន និងដីមួយកន្លែងពីអតីតប្រពន្ធរបស់ខ្លួន ដើម្បីចែកផ្លូវ ប៉ុន្តែលោកមិនទទួលបាននោះទេ៕