(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញមនុស្សចំនួន២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ជាអ្នករស់នៅស្រុកស្វាយលើ និងក្រុងសៀមរាប។
ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា មនុស្សទាំង២នាក់ដែលទើបរកឃើញឆ្លង នៅថ្ងៃទី០១ ខែមិថុនាម្សិលមិញ រួមមាន៖
* ទី១៖ ឈ្មោះ សុង ម៉ាល់ ភេទស្រី អាយុ២២ឆ្នាំ អាសយដ្ឋាននៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
* ទី២៖ ឈ្មោះ អឿន ធឿន ភេទស្រី អាយុ២០ឆ្នាំ អាសយដ្ឋាននៅភូមិឆេះចាន ឃុំស្វាយលើ ស្រុកស្វាយលើ បានធ្វើដំណើរមកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
ករណីទាំង២ខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កគរុ-កោសល្យ និងវិក្រឹតការខេត្ត និងម្នាក់ទៀតនៅវិទ្យាល័យសម្ដេចឪ បន្ទាប់ពីបានមកដល់ខេត្តសៀមរាប។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៤នាក់ បានព្យាបាលជាសះស្បើយចំនួន៦៧នាក់ ស្លាប់២នាក់ និង៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕