(កំពង់ចាម)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកការស្រាវជ្រាវស៉ើបអង្កេត រហូតចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការប្រើប្រាស់ហិង្សាដោយចេតនា និងប្រើប្រាស់អាវុធខុសច្បាប់ តាមដីកាបង្គាប់ខ្លួនរបស់សាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញ ស្រាវជ្រាវចាប់ខ្លួនបាននេះ ឈ្មោះ អេង សុខវ៉ាន់ ហៅ អេង សុវណ្ណារ៉ាន់ ត្រូវចោទពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចកោះស្វាស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ មួយបានកើតឡើង ដែលបង្កដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជនសង្ស័យបានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន០១គ្រាប់បណ្តាលឲ្យរងរបួស ត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន ០១កន្លែង (មូលហេតុមានទំនាស់ពាក្យសំដី) ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងបានយកអាវុធដែលបង្កមកបំផ្លុងចោលនៅគៀនរបង ក្នុងបរិវេនអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងភា្លមនោះ ដោយទទួលបានអនុសាសន៍ចង្អុលដឹកនាំពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង តាមស្រាវជ្រាវស៉ើបអង្កេតស្វែងរកជនសង្ស័យខាងលើ មកអនុវត្ដតាមនីតិវិធី។
រហូតមកនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤១៦ ព.ស ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានឃាត់ និងនាំខ្លួនឈ្មោះ អេង សុខវ៉ាន់ ហៅ អេង សុវណ្ណារ៉ាន់ អាយុ៣៧ឆ្នាំ នៅត្រង់ចំណុចភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕