Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុងហាណូយ និងខេត្ត៣ នៅវៀតណាម មានកម្តៅកើនដល់ ៤០អង្សារសេ, ស្ថានទូតអំពាវនាវឱ្យពលរដ្ឋកម្ពុជាប្រុងប្រយ័ត្ន និងទទួលទានទឹកឲ្យបានច្រើន

02-06-2021 14:54

(ហាណូយ)៖ ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម បានអំពាវនាវប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងទទួលទានទឹកឲ្យបានច្រើន ដោយសារទីក្រុងហាណូយ និងខេត្ត៣ នៅវៀតណាម មានកម្តៅកើនដល់ ៤០អង្សារសេ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

តាមសេចក្តីជូនដំណឹងដដែល, ស្ថានទូតបានប្រាប់ដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ ដែលមានវត្តមាននៅវៀតណាម ពិសេសនៅទីក្រុងហាណូយ ឲ្យដឹងថា យោងតាមសារព័ត៌មានវៀតណាមចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ទីក្រុងហាណូយ និងខេត្តនៅជាប់ ដូចជា Hoa Binh, Hung Yen និង Ha Nam មានសីតុណ្ហភាពឡើងដល់ ៤០អង្សារសេ។

សីតុណ្ហភាពនឹងនៅថេរ លើសពី៣៥អង្សារសេ រហូតដល់ ១៩ ម៉ោងក្នុងមួយថ្ងៃ។ ការឡើងកំដៅនេះ នឹងនៅតែបន្តកើតមានក្នុងរយៈពេល ៣ ថ្ងៃបន្តទៀត។

«អាស្រ័យដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម ពិសេសនៅទីក្រុងហាណូយមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សាសុខភាព ដោយឧស្សាហ៍ទទួលទានទឹកឱ្យបានច្រើន និងគួរមានទឹកដាក់តាមខ្លួនជាប់ជាប្រចាំ ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅខ្លាំង»។ ស្ថានទូតគូសបញ្ជាក់៕