(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញក្តីស្រណោះសោកស្តាយថា «ខ្ញុំ មានក្តីរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងថា ឯកឧត្តម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាព នៅរសៀលថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ»។
ក្នុងវេលាដ៏សែនសង្វេគនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន «សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក ជាគឺជាបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។
បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕