(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលទាំងអស់ ត្រូវតែផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អ ទាំងការប្រើប្រាស់កាយវិការ និងសម្តីឱ្យបានសមរម្យ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។
បន្ថែមពីនេះត្រូវ ត្រូវបង្ការ និងទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើង បង្ក្រាបម៉ូតូកែច្នៃដែលបង្កសម្លេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បង្ក្រាបឱ្យបាននូវក្រុមក្មេងទំនើងដែលតែងតែជួបបង្កបញ្ហាផ្សេងៗ។
ការណែនាំបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងឱកាសលោកឧត្តមសេនីយ៍ឯក ដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា តាមរយៈកិច្ចប្រជុំអនឡាញ Zoom Meeting ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត, លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍ប្រចាំខែឧសភា ធៀបនឹងខែមេសា និងទិសដៅការងារមួយចំនួន សម្រាប់អនុវត្តបន្តនៅខែមិថុនានេះ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម បានអានរបាយការណ៍ទាក់ទងទៅនឹងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងទៅនឹងការរៀបចំត្រួតពិនិត្យ និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតខ្មែរ។
កិច្ចប្រជុំនេះក៏មានការចូលរួមមតិយោបល់របស់លោក លោកស្រីស្នងការរង លោកអធិការទាក់ទងទៅនឹងការអនុវត្តការងារកន្លងមកក្នុងខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា ក៏ដូចជាបញ្ហាប្រឈមផ្សេងៗផងដែរ។
លោកស្នងការ បានកោតសរសើរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមសហការបានយ៉ាងល្អក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាពិសេសក្នុងការចូលរួមរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ លោកស្នងការក៏បានផ្តល់ការណែនាំល្អៗជាច្រើន ដល់អង្គប្រជុំ ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕