(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ។
យោងតាមសាររំលែកមរណទុក្ខនេះ លោក អ៉ិត សំហេង បានឱ្យដឹងថា «ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថាឯកឧត្តម ត្រាំ អ៊ីវតឹក បានទទួលមរណភាពនាថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២៖២៥នាទីរសៀល ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈសូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះ អាល័យ ជាអនេកប្បការចំពោះការបាត់បង់ ឯកឧត្តម ត្រាំ អ៊ីវតឹក ដែលនេះជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាឥស្សរជនដ៏ឆ្នើម ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមបេសកកម្មដ៏ថ្លៃថ្លាក្នុងបុព្វហេតុ សន្តិភាព ការអភិវឌ្ឍ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ។
ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទ្ទិសបួងសួង ដល់ដួងវិញ្ញា ណក្ខន្ធ ឯកឧត្តម ត្រាំ អ៊ីវតឹក សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា លោក ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។
បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕